[ទីផ្សារបរទេស] រថយន្ត Volkswagen Up បានបញ្ឈប់ការលក់នៅចក្រភពអង់គ្លេស រយៈពេល១២ឆ្នាំក្រោយពីរថយន្តនេះបានចេញលក់ ដោយក្រុមហ៊ុន Volkswagen នឹងបញ្ឈប់ការផលិតរថយន្តបើកក្នុងក្រុងមួយម៉ូដែលនេះនៅត្រឹមចុងឆ្នាំ២០២៣នេះ។
រថយន្ត Up បានចេញលក់ដំបូងក្នុងឆ្នាំ២០១១ ក្នុងនាមជាអ្នកជំនួសរថយន្ត Volkswagen Fox ហើយវាគឺជារថយន្តដ៏ធូរថ្លៃមួយដែលលក់លើទីផ្សារ ដោយដើមឡើយមានតម្លៃ ៨២៥៦ផោន និងចុងក្រោយគឺបានឡើងថ្លៃជាង ១៥០០០ផោន។
រថយន្ត Up មានដាក់លក់ជាមួយជម្រើសម៉ាស៊ីនច្រើនប្រភេទក្នុងអាយុកាល១២ឆ្នាំរបស់វា ដោយពេលលក់ដំបូង វាមានជម្រើសម៉ាស៊ីន ១,០លីត្រ ៣ស៊ីឡាំង ផលិតកម្លាំងបាន ៥៩សេះ ឬ ៧៤សេះ។ នៅឆ្នាំ២០១៦ វាចេញស៊េរីថ្មី ដែលនាំមកនូវជម្រើសម៉ាស៊ីន Turbocharged ៨៩សេះ។
បន្ថែមពីនេះវាក៏មានជាប្រភេទប្រើអគ្គិសនីឈ្មោះថា e-Up ចេញដំបូងក្នុងឆ្នាំ២០១៤ ជាមួយអាគុយ ១៨,៧kWh ដែលបើកបានចម្ងាយ ១៥០គ.ម ប៉ុន្តែត្រូវបានបង្កើនទំហំដល់ ៣២,២kWh ក្នុងឆ្នាំ២០១៩ និងអាចបើកបានចម្ងាយ ២៦០គ.ម។
ការបញ្ចប់ជីវិតរថយន្ត Up កើតមានរយៈពេល៩ខែក្រោយ ការដាក់ឲ្យចូលនិវត្តន៍នូវរថយន្ត Volkswagen Up GTI ដោយរថយន្តប្រភេទនេះ ចេញដំបូងក្នុងឆ្នាំ២០១៨ ជាមួយម៉ាស៊ីនកម្លាំង ១១៣សេះ និងមានការឌីហ្សាញបែបស្ព័រ ជាមួយប្រអប់លេខដៃ៦វគ្គ។
គួរដឹងថារថយន្ត Up គឺជាផ្នែកនៃរថយន្តគ្រួសារខ្នាតតូចថ្មីរបស់ Volkswagen Group រួមគ្នាជាមួយរថយន្ត Seat Mii ដែលលក់ត្រឹមឆ្នាំ២០២០ និងរថយន្ត Skoda Citigo ដែលលក់ត្រឹមឆ្នាំ២០២១៕