Apple បញ្ចេញកំណែអាប់ឌែត beta 3 នៃ iOS 17.1 ដើម្បីការពារ Action Button មិនឱ្យដំណើរការមុខងារមួយចំនួន ដូចជាកាមេរ៉ា ភ្លើងពិល ការថតសំឡេង មុខងារ Focus ខណៈអ្នកប្រើដាក់ iPhone ក្នុងហោប៉ៅ ឬកាបូប សង្កត់ចំ Action Button។
យ៉ាងណា កំណែ beta ថ្មីនេះ បិទមុខងារទាំងអស់ ប៉ុន្ដែមិនបិទមុខងារ Mute ឬបិទសំឡេងនោះទេ ទោះវានៅក្នុងហោប៉ៅ ឬកាបូបជាដើម។ ដូចនេះ វានៅតែផ្ដល់បទពិសោធន៍ល្អដដែល ខណៈកំពុងអង្គុយប្រជុំជាដើម អ្នកអាចលូកដៃទៅសង្កត់វាឱ្យជាប់ ដើម្បីបិទសំឡេងបានដដែល។
គួរដឹងថា នៅក្នុងកំណែអាប់ឌែតមុនៗ គឺ iOS 17 និង iOS 17.1 មុខងារផ្សេងៗនៅក្នុង Action Button ត្រូវបានដំណើរការដោយចៃដន្យ ពេលនៅក្នុងហោប៉ៅឬកាបូប ធ្វើឱ្យអស់ថ្មទូរសព្ទ និងបណ្តាលឱ្យមានការថតសំឡេង និងរូបភាពដែលមិនចង់បាន ធ្វើឱ្យអ្នកប្រើមួយចំនួនរអ៊ូរទាំផងដែរ៕