[ទីផ្សារបរទេស] រថយន្តអគ្គិសនី BYD Seal បានចេញលក់លើទីផ្សារប្រទេសថៃជាផ្លូវការ ដោយមានចែកចេញជាបីប្រភេទ ជាមួយតម្លៃចាប់ពី ៣៦ ២០០ដុល្លារ ដល់ ៤៣ ៧០០ដុល្លារ ហើយត្រឹមមួយម៉ោងប៉ុណ្ណោះ រថយន្តនេះទទួលបានការកុម្ម៉ង់ទិញ ១ ១០៤គ្រឿង។
សន្ទុះគាំទ្រខ្លាំងក្លាបែបនេះក៏ដោយសារតែ BYD គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីឈានមុខនៅថៃ ដោយម៉ូដែលលក់ដាច់ជាងគេគឺម៉ូដែល Atto 3 អាចលក់ចេញបានជាង ១៤ ០០០គ្រឿងនៅឆ្នាំ២០២៣ ក្ដោបក្ដាប់ចំណែកទីផ្សារបានដល់ ៣៣%។
រថយន្ត Seal បីប្រភេទដែលលក់នៅថៃ មានដូចជា Dynamic RWD Premium RWD និង Performance AWD ដោយប្រភេទ Dynamic RWD មានអាគុយ ៦១,៤kWh ជាមួយម៉ូទ័រអគ្គិសនីមួយ ផលិតកម្លាំងបាន ២០៤សេះ និងបើកបរបានចម្ងាយ ៥១០គ.ម។
ប្រភេទ Premium RWD វិញ មានអាគុយ ៨២,៥kWh អាចផ្ដល់ចម្ងាយបើកបរបានដល់ ៦៥០គ.ម និងផលិតកម្លាំងបាន ៣១៣សេះ ខណៈដែលប្រភេទចុងក្រោយមានម៉ូទ័រអគ្គិសនីពីរ ផលិតកម្លាំងបាន ៥៣០សេះ បើកបរបានចម្ងាយ ៥៨០គ.ម ជាមួយអាគុយ ៨២,៥kWh។
គួរដឹងថារថយន្ត BYD Seal នៅប្រទេសថៃ គឺមានតម្លៃធូរថ្លៃជាងប្រភេទដទៃ ដោយនៅអឺរ៉ុបប្រភេទ AWD មានតម្លៃប្រមាណ ៥៥ ០០០ដុល្លារ នៅប្រេស៊ីលមានតម្លៃ ៦០ ៧០០ដុល្លារ ខណៈនៅប្រទេសចិនមានតម្លៃ ៣៨ ៣៣០ដុល្លារ៕