[ទីផ្សារបរទេស] តួលេខលក់រយៈពេល៣ខែចុងក្រោយ គិតត្រឹមខែកញ្ញា បានបង្ហាញថា Tesla លក់រថយន្តបានច្រើនលើសក្រុមហ៊ុន BYD ត្រឹមតែ ៣ ៤៥៦គ្រឿងប៉ុណ្ណោះ ដោយលក់បានសរុប ៤៣៥ ០៤៩គ្រឿង ធៀបនឹង BYD លក់បាន ៤៣១ ៦០៣គ្រឿង។
តួលេខលក់របស់ BYD ប្រចាំត្រីមាសទីបីនៃឆ្នាំ២០២៣នេះ បានបង្ហាញពីកំណើន ២៣% ធៀបនឹងត្រីមាសទីពីរ ហើយក្រុមហ៊ុននេះនឹងអាចទាញទម្លាក់ Tesla នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ ដើម្បីក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីធំជាងគេក្នុងលោក។
គួរដឹងថាតួលេខលក់ ៤៣១ ៦០៣គ្រឿង របស់ BYD គឺជារថយន្តអគ្គិសនីសុទ្ធ ហើយបើបន្ថែមរថយន្ត Hybrid ចូលទៀត ធ្វើឲ្យចំនួនលក់ឡើងដល់ ៨២២ ០៩៤គ្រឿង ធ្វើឲ្យ BYD ក្លាយជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេក្នុងប្រទេសចិន។
អ្វីដែលគួរចាប់អារម្មណ៍គឺ ៩% នៃចំនួនលក់របស់ BYD ប្រចាំត្រីមាសទីបី គឺត្រូវបានដឹកជញ្ជូនចេញក្រៅប្រទេស ដែលកើនឡើង ៥% ធៀបនឹងត្រីមាសមុខ៕