[ទីផ្សារបរទេស] ក្នុងអត្ថបទមួយចេញផ្សាយដោយទស្សនាវដ្ដី Toyota Times លោក Akio Toyoda ដែលជាប្រធានក្រុមហ៊ុន Toyota បាននិយាយថារថយន្ត Century SUV នឹងសក្តិសមសម្រាប់អតិថិជនក្មេងៗ រួមទាំងអ្នកដែលគិតថារថយន្ត Century ប្រភេទ Sedan មិនសក្តិសមនឹងពួកគេ។
លោក Akio Toyoda បានលើកឡើងថែមទៀតថា រថយន្ត Century SUV ដែលមានតម្លៃប្រមាណ ១៦ម៉ឺនដុល្លារ លើទីផ្សារប្រទេសជប៉ុន គឺជារថយន្តកំពូលប្រណីតមួយ ដោយមិនមែនសម្រាប់តែម៉ាក Toyota នោះទេ គឺទូទាំងប្រទេសជប៉ុនទាំងមូលតែម្ដង។
ប្រធានរូបនេះក៏បានរំលឹកពីពេលមួយដែលបុគ្គលិកជាន់ខ្ពស់នៅទីស្នាក់ការរបស់ Toyota ធ្លាប់មានរថយន្ត Century ចតពេញចំណតរថយន្តតែម្ដង ប៉ុន្តែបច្ចុប្បន្ននេះពួកគេពេញចិត្តនឹងរថយន្តវ៉ែនប្រណីតដូចជា Alphard និង Vellfire ជាដើម។
គួរដឹងថារថយន្ត Toyota Century SUV បានបង្ហាញវត្តមានកាលពីខែកញ្ញា ដោយវាបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់ពិភពលោក ព្រោះត្រូវបានគេចាត់ទុកថាគូប្រកួតប្រជែងដ៏សក្តិសមមួយសម្រាប់រថយន្ត Rolls-Royce Cullinan និងរថយន្ត Bentley Bentayga ជាដើម៕