[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានបង្ហាញចេញដំណឹងសំខាន់ៗជាច្រើនទៀតអំពីរថយន្តអគ្គិសនីម៉ូដែល Prologue ដែលនឹងចេញលក់លើទីផ្សារនៅឆ្នាំ២០២៤ខាងមុខ ហើយព័ត៌មានសំខាន់ជាងគេគឺវានឹងមានតម្លៃខ្ទង់ ៤ម៉ឺនដុល្លារជាងនៅលើទីផ្សារសហរដ្ឋអាមេរិក។
ក្រៅពីតម្លៃនេះ Honda ក៏បានប្រកាសដែរថារថយន្តអគ្គិសនី SUV នេះនឹងមានជាជម្រើសម៉ូទ័រអគ្គិសនីភ្លោះ ដែលប្រើប្រព័ន្ធបើកបរវិលកង់ទាំងអស់ និងមានកម្លាំងសរុបប្រមាណ ២៨៨សេះ។ អតិថិជននឹងមានជម្រើសប្រភេទបើកបរវិលកង់មុខ ដែលសន្យាថានឹងសន្សំសំចៃ និងផ្ដល់កម្លាំងសន្ទុះបានជាទីគាប់ចិត្ត។
និយាយពីប្រភេទវិលកង់មុខនេះ Honda បានប្រាប់ថាវានឹងមានចម្ងាយបើកបរប្រមាណ ៤៨៣គ.ម ដោយវាមានបំពាក់អាគុយចំណុះ ៨៥kWh ដែលអាចសាកភ្លើងសម្រាប់ការបើកបានចម្ងាយ ១០៥គ.ម ក្នុងពេលត្រឹម១០នាទី ព្រោះថាវាប្រើដុំសាកល្បឿនលឿន ដែលមានកម្លាំងរហូតដល់ ១៥៥kW។
Honda Prologue នឹងមាន Option ចំនួនបីប្រភេទ ហើយសូម្បីតែ Option ទាបជាងគេនោះ នឹងមានបំពាក់កុងទ័រឌីជីថលទំហំ ១១អ៊ីញ ជាមួយនឹងប្រព័ន្ធកម្សាន្តដែលមានអេក្រង់ទំហំ ១១,៣អ៊ីញ ដែលមានស្រាប់នូវមុខងារ Google ហើយវាផ្ដល់ភាពងាយស្រួលដល់ការប្រើប្រាស់កម្មវិធី Google Assistant Google Maps និង Google Play Store ផងដែរ។
អ្វីដែលមានមកជាស្តង់ដារតែម្ដងសម្រាប់ Honda Prologue នេះគឺជាមុខងារ Honda Sensing Suite ដែលជាមុខងារជំនួយដល់ការបើកបរ ដោយវារួមមានមុខងារដូចជា Blind Zone Steering Assist, Rear Pedestrian Alert និង Rear Cross Traffic Braking។
រថយន្ត Honda Prologue នឹងបើកទទួលការកុម្ម៉ង់ទិញនាចុងឆ្នាំ២០២៣នេះ ដោយការដឹកជញ្ជូននឹងចាប់ផ្ដើមនៅដើមឆ្នាំ២០២៤ សម្រាប់អតិថិជននៅលើទីផ្សារសហរដ្ឋអាមេរិក៕
ប្រភព ៖ Carscoops