កុំព្យូទ័រយួរដៃ ឬ Laptop មានលក់លើទីផ្សារច្រើនទំហំ ច្រើនខ្នាត ច្រើនជំនាន់ និងចំណុចខុសៗគ្នាជាច្រើន។ ដូចនេះដើម្បីឱ្យទិញចំតម្រូវការ និងការប្រើប្រាស់ យើងសូមផ្ដល់យោបល់មាន ៦ ចំណុច៖
១. ទំហំអេក្រង់ និងកម្រិតអេក្រង់
បើអ្នកត្រូវការឡេបថបមួយ សម្រាប់ការងារសម្រាប់ការងារការិយាល័យ ឬវាយអត្ថបទ រុករកលើអ៊ីនធឺណិត អ្នកអាចប្រើឡេបថបអេក្រង់ ១៣ ឬ ១៤អ៊ិញ និងមានកម្រិតបង្ហាញ ឬ Resolution ចាប់ពីកម្រិត Full HD អាចសមល្មម។ តែបើអ្នកត្រូវការផ្ទៃទូលាយ ដូចជាប្រើកម្មវិធីឌីហ្សាញ ឬកាត់វីដេអូ អ្នកអាចជ្រើសយក អេក្រង់ ១៥ ឬ ១៦អ៊ិញ និងលើសនេះ គឺអាចស្រួលដល់ការធ្វើការ។ ហើយកម្រិតបង្ហាញអេក្រង់ បើបានលើស 2K ឬ 4K គឺល្អ ប៉ុន្ដែថវិកាអ្នកមានកម្រិត នោះ Full HD អាចថាធូរថ្លៃសមល្មម។
២. បន្ទះឈីប និងអង្គផ្ទុក
បច្ចុប្បន្នប្រព័ន្ធប្រតិបត្តិការ ឬ OS មានមុខងារកាន់ច្រើន និងសម្បូរបែប ម៉្លោះហើយធ្វើឱ្យទំហំកាន់តែធំ ដូចនេះ ជម្រើសបន្ទះឈីប ឬ CPU គួរជ្រើសរើសចាប់ពី CPU intel Core i3 (ជំនាន់កាន់តែខ្ពស់កាន់តែល្អ) រីឯ RAM សម្រាប់អង្គផ្ទុកបណ្ដោះអាសន្ន គួរចាប់ពី 8GB ឡើងទៅ និង HDD គួរមានចាប់ពី 512GB ជាប្រភេទ SSD ជាជម្រើសផ្ទុកទិន្នន័យបានច្រើន និងដំណើរការលឿន ឬលើសនេះក៏។
៣. រន្ធដោតលើតួម៉ាស៊ីន
ឡេបថបខ្លះមិនសូវមានរន្ធតំណភ្ជាប់ច្រើននោះទេ តម្រូវឱ្យយើងចំណាយលុយទិញឧបករណ៍ភ្ជាប់បន្ថែម។ ដូចនេះ ជ្រើសរើសឡេបថបណា មានរន្ធតំណភ្ជាប់ចាំបាច់ៗ ដូចជា រន្ធ USB-A USB-C រន្ធ HDMI ឬរន្ធ SD Card ជាដើម។
៤. Keyboard និង Touchpad
គួររើស Keyboard ឬក្តារចុចដែលសមងាយនឹងដៃ ធ្វើឱ្យអ្នកស្រួលចុច បើជម្រើសល្អគួររក Keyboard មានភ្លើង ព្រោះស្រួលប្រើប្រាស់នៅកន្លែងងងឹត។ រីឯ Touchpad គួរជ្រើសយកម៉ូឌែលដែលងាយអូសបញ្ជារ មានមុខងារចាំបាច់ និងមានទំហំធំ ត្បិតងាយស្រួលធ្វើការ។
៥. ថាមពលថ្ម
ជាឡេបថបគឺត្រូវប្រើនៅក្រៅច្រើន ដូចនេះថ្មគឺសំខាន់ គួររើសម៉ូឌែលណាថ្មកាន់ អ្នកអាចស្វែងរកជាមុនលើវ៉ិបសាយ ឬ Youtube ជាដើម ថាឡេបថបនោះអាចប្រើបានខ្ទង់ប៉ុន្មានម៉ោង យល់ល្អគួរជ្រើសម៉ូឌែលកាន់ថ្មចាប់ពី ៥ ទៅ ៨ម៉ោងឡើង។
៦. ប្រព័ន្ធប្រតិបត្តិការ ឬ OS
នេះជាជម្រើសសំខាន់ទៅតាមតម្រូវការ ត្រូវដឹងជាមុន ថាអ្នកត្រូវការប្រើកម្មវិធីអ្វី ហើយស្វែងរកបន្តថាតើកម្មវិធីនោះ ត្រូវនឹងប្រព័ន្ធប្រតិបត្តិការមួយណា។ នៅលើទីផ្សារមានឡេបថប ដែលប្រើប្រព័ន្ធប្រតិបត្តិការ Window, MacOS និង Linux ជាដើម៕