[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo បានធ្វើការប្រកាសនៅក្នុងកម្មវិធី Climate Week NYC ថាខ្លួននឹងឈប់ផលិតរថយន្តម៉ាស៊ូតត្រឹមដើមឆ្នាំ២០២៤ខាងមុខ ដោយការសម្រេចនេះគឺព្រោះសង្កេតឃើញពីរបត់នៃការផ្លាស់ប្ដូរយ៉ាងរហ័សនៃឧស្សាហកម្មយានយន្ត និងតម្រូវការរបស់អតិថិជន។
ការឈប់ផលិតរថយន្តម៉ាស៊ូតនេះ ជាការបិទបញ្ចប់នូវរជ្ជកាលរយៈពេល ៤៥ឆ្នាំ នៃការប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត ដែល Volvo បានចាប់ផ្ដើមប្រើតាំងពីឆ្នាំ១៩៧៩ នៅពេលដែល Volvo ទទួលបានអាជ្ញារបណ្ណ័នៃម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ពី Volkswagen សម្រាប់ប្រើលើរថយន្ត Volvo 240។
បន្ថែមពីលើការឈប់ផលិតរថយន្តម៉ាស៊ូត Volvo ក៏មានផែនការក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងស្រុងនៅត្រឹមឆ្នាំ២០៣០ ហើយគម្រោងថានឹងក្លាយជាក្រុមហ៊ុនដែលមានប្រតិបត្តិការមិនបញ្ចេញឧស្ម័នពុលនៅត្រឹមឆ្នាំ២០៤០។
គួរដឹងថា មួយរយៈចុងក្រោយនេះ Volvo បានប្រកាសចេញរថយន្តអគ្គិសនីថ្មីៗជាច្រើន ដោយកាលពីដើមឆ្នាំបានប្រកាសចេញរថយន្ត EX30 ជារថយន្តអគ្គិសនីធូរថ្លៃបំផុតរបស់ក្រុមហ៊ុនជាមួយតម្លៃចាប់ផ្ដើមពី ៣៤ ៩៥០ដុល្លារ លើទីផ្សារអាមេរិក។
នៅក្នុងកម្មវិធី CES កាលពីខែមករា ក្រុមហ៊ុន Volvo ក៏បានបង្ហាញចេញរថយន្ត EX90 ដែលនឹងចាប់ផ្ដើមបញ្ចេញលក់លើទីផ្សារនៅដើមឆ្នាំ២០២៤។
Volvo មានគម្រោងថានឹងប្រកាសចេញរថយន្តអគ្គិសនីថ្មីយ៉ាងតិចចំនួន៦ម៉ូដែល នៅត្រឹមឆ្នាំ២០២៦ ដែលក្នុងនោះក៏នឹងមានរថយន្ត XC60 ប្រភេទអគ្គិសនី និងរថយន្តវ៉ែនខ្នាតតូច EM90 ផងដែរ៕
ប្រភព ៖ Motor1