iPhone 15 Pro និង 15 Pro Max ទើបចេញលើកនេះ ជាដំណើរដ៏វែងឆ្ងាយមួយ ត្បិត Apple រុះរើសសំណុំចាស់ជាច្រើន ដោយបំពាក់គ្រឿងបង្គំថ្មីៗដូចជា៖
ប្រើប៊ូតុង Action ថ្មី ជំនួសឱ្យប៊ូតុង Mute ដែល Apple ដាក់ឱ្យប្រើតាំងពី iPhone ជំនាន់ទី១ គឺមានអាយុកាល ១៦ឆ្នាំមកហើយ។ ប៊ូតុងថ្មីនេះ សម្រាប់ចូលទៅផ្លូវកាត់ជាច្រើន ដូចជាបើកបិទសំឡេងរោទ៍ ពិល ថតរូប និងមុខងារបកប្រែផងដែរ។
ម៉ូឌែល Pro ទាំងពីក៏បានផ្លាស់ប្ដូរស៊ុមការពារថ្មី ដែលជាសារធាតុទីតានីញ៉ូម ធ្វើឱ្យទូរសព្ទស្រាលជាងមុន ធន់ និងរឹងមាំថែមទៀតផង។ ស៊ីមការពារថ្មីនេះ គឺជំនួសឱ្យស៊ុមការពារចាស់ជាដែកអ៊ីណុកដែលធ្លាប់ប្រើកន្លងមក។
បន្ថែមពីនេះ Apple ក៏សម្រេចបំពាក់លែនកាមេរ៉ាថ្មី គឺលែន Telephoto មានលទ្ធភាពថតពង្រីក Optical Zoom ដល់ទៅ ៥ដង (5ដង)។
ក្រៅពីនេះ iPhone 15 Pro/15 Pro Max បានផ្លាស់ប្ដូររន្ធសាកឬរន្ធផ្ទេរទិន្នន័យថ្មី ជា USB-C ជំនួសឱ្យរន្ធ Lightning ដែលធ្លាប់ប្រើអស់រយៈពេល ១១ឆ្នាំ កន្លងមក។ រន្ធ USB-C ជំនាន់ 3.0 នេះ គឺមានល្បឿនផ្ទេរទិន្នន័យលឿន រហូតដល់ 10 Gbps ឯណោះ។
Apple ក៏បំពាក់ផងដែរនូវ បន្ទះឈីខ្លាំងបន្ថែមឈ្មោះថា Pro គឺឈីប A17 Pro ខ្នាត 3NM មាន CPU 6‑core រួមទាំង GPU 6‑core និង Neural Engine 16‑core។ Apple អះអាងថាឈីបនេះមានកម្លាំងខ្លាំងជាងមុន និស៊ីថាមពលតិច ពិសេសគឺជំនួយច្រើនទៅដល់ផ្នែកក្រាហ្វិច ឬការលេងហ្គេម។
ស្មាតហ្វូនកំពូលទាំងពីរមាន ៤ពណ៌ គឺពណ៌ធម្មជាតិរបស់ទីតានីញ៉ូមតែម្ដង រួមទាំងទីតានីញ៉ូមខៀវ ទីតានីញ៉ូមស និងទីតានីញ៉ូមខ្មៅ។ វាមានតម្លៃចាប់ពី ៩៩៩ដុល្លារ សម្រាប់ iPhone 15 Pro និង ១១៩៩ដុល្លារ សម្រាប់ iPhone 15 Pro Max ដោយឡើងថ្លៃលើសមុន ១០០ដុលា្លរ លើសលុយមែន តែវាក៏អាប់ឌែតទំហំផ្ទុក គឺ Storage ចាប់ពី 256GB ឡើងទៅ៕