[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai បានបង្ហាញចេញព័ត៌មានបន្ថែមអពី រថយន្ត Kona Electric ស៊េរីឆ្នាំ២០២៤ ដោយក្នុងនោះមានតួលេខអំពីចម្ងាយបើកបរ លក្ខណៈសម្បត្តិ និងកាលបរិច្ឆេទចេញលក់សម្រាប់ទីផ្សារអាមេរិកផងដែរ។
ធៀបនឹងស៊េរីមុន រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានប្រវែងវែងជាងមុន ១៥០ម.ម ទទឹងវែងជាងមុន ២៥ម.ម និងមានប្រវែងពីកង់មុខទៅកង់ក្រោយដែលវែងជាងមុនផងដែរ។
Kona Electric ស៊េរីឆ្នាំ២០២៤ ប្រភេទអាគុយធំ អាចបើកបរបានឆ្ងាយជាងមុន ធៀបនឹងស៊េរីមុន ដោយប៉ាន់ស្មានថាបើកបរបានចម្ងាយប្រមាណ ៤១៨គ.ម ជាមួយអាគុយទំហំ ៦៤,៨kWh ធំជាងមុន ០,៨kWh។
រយៈពេលនៃការសាកក៏ប្រសើរជាងមុនដែរ ដោយសាកពី ១០% ឡើងដល់ ៨០% អាចសម្រេចបានក្នុងពេល ៤៣នាទី ជាមួយដុំសាកល្បឿនលឿន 400V Level 3។
សម្រាប់កម្លាំងវិញ មិនមានការប្រែប្រួលនោះទេ ដោយប្រភេទ long-range អាចបង្កើតកម្លាំងបាន ២០១សេះ ខណៈដែលប្រភេទធម្មតា អាចផលិតកម្លាំងបាន ១៣៣សេះ។
រថយន្ត Konda Electric ស៊េរីឆ្នាំ២០២៤ នឹងបើកទទួលការកុម្ម៉ង់នាចុងឆ្នាំ២០២៣ ហើយ Hyundai ទំនងជាប្រកាសចេញតម្លៃនៅពេលដែលជិតបើកទទួលការកុម្ម៉ង់ជាផ្លូវការ។ គួរដឹងថាស៊េរីបច្ចុប្បន្ននេះគឺមានតម្លៃចាប់ពី ៣៣ ៥០០ដុល្លារ ដោយមិនទាន់បញ្ចូលពន្ធ និងថ្លៃចំណាយផ្សេងៗ៕
ប្រភព ៖ Motor1