[ទីផ្សារបរទេស] រយៈពេលពីរឆ្នាំក្រោយបង្ហាញរូបរាងរថយន្ត Concept EQG ដែលជារថយន្តអគ្គិសនីនៃម៉ូដែល G-Class ដ៏មានកិត្តិនាមនោះ ពេលនេះរថយន្តអគ្គិសនីនេះកាន់តែខិតជិតដល់ការផលិតជាផ្លូវការហើយ។
តាមការប្រកាសជាផ្លូវការពី Mercedes បាននិយាយថា អ្នកដែលចូលកម្មវិធីរថយន្ត IAA នៅប្រទេសអាល្លឺម៉ង់ អាចចូលក្បែរ និងមើលកាន់តែច្បាស់ពីរថយន្តអគ្គិសនី EQG មុនពេលដែលរថយន្តនេះបង្ហាញវត្តមានជាផ្លូវការក្នុងពេលប៉ុន្មានខែទៀត។
ជាមួយរថយន្ត EQG នេះ ត្រូវបានរំពឹងថានឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៤ ជាមួយជម្រើសបច្ចេកវិទ្យាពិសេស ដែលអាចផ្ដល់ចម្ងាយបើកបរបានឆ្ងាយជាងអាគុយទូទៅ។ យ៉ាងណាក្ដី អាគុយប្រភេទនេះ អាចនឹងមិនបង្ហាញវត្តមានភ្លាមៗនោះទេ អាចនឹងលេចរូបរាងនៅឆ្នាំ២០២៥ឯណោះ។
បញ្ជាក់ថារថយន្ត EQG នឹងមិនមែនជារថយន្តអគ្គិសនីដំបូងរបស់ Mercedes ដែលប្រើម៉ូទ័រអគ្គិសនីបួននោះទេ ព្រោះថារថយន្ត SLS AMG Electric Drive មានប្រើម៉ូទ័រអគ្គិសនីបួន តាំងពីឆ្នាំ២០១២។
ទាក់ទងនឹងអាគុយរបស់រថយន្ត EQG នឹងត្រូវហ៊ុំព័ន្ធដោយប្រអប់ដែក ស្រោបដោយសារធាតុកាបូនហ្វាយបឺរដើម្បីការពារពេលបើកបរលើផ្លូវពិបាក និងពេលដែលត្រូវបើកបរលុយទឹកជាដើម៕
ប្រភព ៖ Motor1