ខណៈមានដំណឹងចចាមអារ៉ាជាច្រើនរំពឹងថា iPhone និងកៀកថ្ងៃប្រកាសចេញផងនោះ TrendForce ក្រុមហ៊ុនស្រាវជ្រាវតៃវ៉ាន់ បានព្យាករណ៍ថា iPhone 15 Pro នឹងរក្សាតម្លៃ 999$ ដូចទៅនឹង iPhone 14 Pro ដែលចេញឆ្នាំមុន។
ដោយឡែក TrendForce ជឿជាក់ថា មានតែ iPhone 15 Pro Max ប៉ុណ្ណោះដែលនឹងឡើងថ្លៃដោយតម្លៃវានឹងចាប់ផ្ដើមពី 1199$កើនថ្លៃ 100$ បើធៀបនឹង iPhone 14 Pro Max។
គួរដឹងថា iPhone 15 Pro Max ត្រូវបានគេរំពឹងថានឹងបំពាក់ លែនកាមេរ៉ាថ្មី periscope telephoto ដែលអាចថតពង្រីកលើសមុនទ្វេដង គឺឡើងដល់ optical zoom 6x ខណៈ iPhone 14 Pro Max មាន optical zoom ត្រឹម 3x ប៉ុណ្ណោះ។
ទោះបីជាមានការព្យាករណ៍ពីការកើនឡើងតម្លៃ សម្រាប់ម៉ូដែល Pro Max នៅឆ្នាំនេះក៏ដោយ ក៏ TrendForce រំពឹងថាឧបករណ៍នេះ នឹងបន្តមានទំហំផ្ទុក ចាប់ផ្តើម 128GB ជាជាង 256GB ដូចពាក្យចចាមអារ៉ាមពីមុន។ ម៉្យាងវិញទៀត ក្រុមហ៊ុនស្រាវជ្រាវរំពឹងថា iPhone 15 Pro ទាំងពីរម៉ូដែល នឹងបំពាក់ RAM ទំហំ 8GB កើនឡើងពី 6GB ក្នុងម៉ូដែល iPhone 14 Pro ។
យ៉ាងណា ពេលវេលានឹងប្រាប់ក្នុងពេលឆាប់ៗនេះថា តើ TrendForce មានភាពសុក្រឹត ចំពោះការព្យាករណ៍ចុងក្រោយរបស់ខ្លួនដែរឬទេ? ខណៈដែល Apple នឹងបង្ហាញ iPhone 15 ទាំង ៤ម៉ូឌែល នៅក្នុងព្រឹត្តិការណ៍របស់ខ្លួន នាថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣៕