[ទីផ្សារបរទេស] រោងចក្រផលិតរថយន្ត Tesla នៅទីក្រុងសៀងហៃ ប្រទេសចិន ទើបតែបានដំណើរកាលពីឆ្នាំ២០១៩ ហើយនាថ្ងៃទី៦ ខែកញ្ញានេះ ក្រុមហ៊ុនបានអបអរសាទរដល់ការផលិតរថយន្តទី ២លានគ្រឿង។
រថយន្តទី ២លាន ដែលបានរំកិលខ្លួនចេញពីរោងចក្រ គឺជារថយន្ត Model Y ពណ៌ក្រហម ហើយបុគ្គលិកមួយចំនួននៅរោងចក្រផលិត បានជួបជុំគ្នាដើម្បីថតរូបជាមួយរថយន្តនេះផងដែរ។
គួរចាប់អារម្មណ៍ថា Tesla បានចំណាយពេល ៣៣ខែ ដើម្បីផលិតរថយន្តនៅចិនបានចំនួន ១លានគ្រឿង ហើយរថយន្ត១លានគ្រឿងបន្ទាប់ទៀតនេះ អាចសម្រេចបានក្នុងពេលត្រឹម ១៣ខែប៉ុណ្ណោះ។
រោងចក្រនៅសៀងហៃ បានរីកចម្រើនយ៉ាងរហ័ស រហូតធ្វើឲ្យវាក្លាយជារោងចក្រ Tesla ដែលមានទំហំច្រើនជាងគេ។ បន្ថែមពីលើការផលិតរថយន្ត Model 3 និង Model Y លក់នៅប្រទេសចិន រោងចក្រនេះក៏បានផលិតរថយន្តដើម្បីនាំចេញទៅអឺរ៉ុប កាណាដា និងអូស្ត្រាលីផងដែរ៕
ប្រភព ៖ Carscoops