ភាគហ៊ុនក្រុមហ៊ុន Apple ធ្លាក់ចុះប្រមាណ ២០០ពាន់លានដុល្លារ ឬស្មើនឹង ២,៩% គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលប្រទេសចិន បន្តហាមឃាត់មិនមន្ត្រីរដ្ឋាភិបាល ប្រើប្រាស់ iPhone នោះឡើយ។
គោលបំណងនៃការរាំងខ្ទប់នេះគឺដើម្បីរាំងខ្ទប់ផលិតបច្ចេកវិទ្យាបរទេស ងាកមកប្រើបច្ចេកវិទ្យាក្នុងស្រុក និងការពាររាល់ទិន្នន័យនានា មិនឱ្យលេចធ្លាយទៅកាន់បរទេស ពិសេសការហាមនេះ គឺទិសដៅទៅលើវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។
គួរដឹងថានេះមិនមែនជាការហាមលើកដំបូងឡើយ ត្បិតកន្លងមកមកក៏មានការហាមប្រាមផងដែរនៅ ទីក្រុងប៉េកាំង។ ជាក់ស្ដែងបន្ថែម គឺនៅឆ្នាំ២០១៩ ខណៈចិនបានហាមប្រាមក្រុមហ៊ុនបរទេសឯទៀត ប៉ុន្ដែ Apple ទទួលបានករណីលើកលែង ដោយក្រុមហ៊ុននេះយល់ព្រមតាមសំណើផ្សេងៗរបស់ចិន ដោយឡែកលើកនេះគឺមិនមានការលើកលែងទៀតនោះឡើយ។
គួរបញ្ជាក់ថា មូលហេតុភាគហ៊ុន Apple ដាំក្បាលចុះខ្លាំងបែបនេះ ក៏ព្រោះទីផ្សារ iPhone នៅប្រទេសចិនគឺលក់ដាច់ខ្លាំង ជាក់ស្ដែងកាលពីត្រីមាសចុងក្រោយ ការលក់កើននៅចិនឡើងខ្លាំង ជាងការលក់នៅទឹកដីកំណើតអាមេរិចពេលលើកដំបូងទៅទៀត៕