[ក្នុងស្រុក] យោងតាមរបាយការណ៌ពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ប្រទេស ដែលក្នុងនោះ ប្រទេសចិន រួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ឬស្មើនឹង ៣៥% ប្រទសសមាជិកអាស៊ានចំនួន ៤ បានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្សី អ៊ុយក្រែន ។ល។ ចំនួន ២៧ ប្រទេស និងដែនកោះបានបរិមាណសរុបចំនួន ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន ដែលមានតម្លៃសរុបចំនួន ៤១៨.២៩ លានដុល្លារសហរដ្ឋអាមេរិច។
កម្ពុជាបាននាំចេញអង្ករក្រអូបប្រណិតបានចំនួន ២៧៧ ៧៣៩ តោន ឬស្មើនឹង ៤៤% អង្ករសែនក្រអូប បានចំនួន ១៧៩ ០៧០តោន ឬស្មើរនឹង ២៨% អង្ករសបានចំនួន ១៥៣ ៤២៨តោន ឬស្មើរនឹង ២៤% អង្ករចំហុយបានចំនួន ១៥ ៧៨១តោន ឬស្មើនឹង ២% អង្ករសរីរាង្គបានចំនួន ១០ ៩៦៣តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន។
សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៤៧៧ ៨៨៦ តោនដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១.០៩ លានដុល្លារសហរដ្ឋអាមេរិក។