យោងតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថាម្ចាស់ក្រុមហ៊ុន Facebook Meta Inc កំពុងរៀបចំដើម្បីប្រកាសថាតើខ្លួននឹងអនុញ្ញាតឱ្យអតីតប្រធានាធិបតីអាមេរិក Donald Trump ត្រលប់មកប្រើប្រាស់នូវ Facebook និង Instagram វិញបានដែរឬទេ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សធ្លាប់បាននិយាយថា ខ្លួននឹងសម្រេចនៅថ្ងៃទី ៧មករា ថាតើត្រូវអនុញ្ញាតឲ្យអតីតប្រធានាធិបតីវិលត្រឡប់មកប្រើប្រាស់វិញឬអត់។ ទោះជាយ៉ាងនេះក្តី សេចក្តីសម្រេចនោះត្រូវបានគេរំពឹងថានឹងប្រកាសនៅចុងខែនេះ ដោយដកស្រង់សំដីបុគ្គលម្នាក់ដែលដឹងពីបញ្ហានេះ។
របាយការណ៍នេះបាននិយាយថា Meta បានបង្កើតក្រុមការងារមួយដើម្បីផ្តោតលើបញ្ហានេះ ដោយរួមមានបុគ្គលិកមកពីក្រុមគោលនយោបាយសាធារណៈ និងទំនាក់ទំនង ក៏ដូចជាក្រុមគោលនយោបាយមាតិកាផងដែរ។ ដោយការអភិវឌ្ឍន៍នេះកើតឡើងបន្ទាប់ពីលោក Elon Musk ដែលជាម្ចាស់ថ្មីរបស់ Twitter បានលុបចោលការហាមឃាត់ជាអចិន្ត្រៃយ៍លើលោក Trump កាលពីខែវិច្ឆិកាឆ្នាំមុននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីការស្ទង់មតិអ្នកប្រើប្រាស់។
ជាក់ស្តែង លោក Trump បានរក្សាថាលោកមិនមានចំណាប់អារម្មណ៍ក្នុងការត្រឡប់ទៅ Twitter វិញទេ។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិចរូបនេះបាននិយាយតាមវីដេអូនៅពេលសួរនៅឯកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំរបស់សម្ព័ន្ធ Jewish Coalition ថាតើគាត់មានគម្រោងត្រឡប់ទៅប្រើប្រាស់ Twitterដែរឬទេ? ប៉ុន្តែគាត់ក៏បានឆ្លើយតបថា “ខ្ញុំមិនឃើញហេតុផលសម្រាប់វាទេ”៕