យោងតាម Insider ការប៉ាន់ប្រមាណរបស់ Bloomberg និយាយថាទ្រព្យសម្បត្តិសុទ្ធរបស់ Elon Musk បានធ្លាក់ចុះចំនួន ១២៤ ពាន់លានដុល្លារក្នុងឆ្នាំនេះ ដែលឈានដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ 2020។
ផ្អែកលើទិន្នន័យរបស់ Bloomberg Billionaires Index បច្ចុប្បន្នថៅកែ Tesla មានតម្លៃ ១៤៨ ពាន់លានដុល្លារ។ Elon Musk គឺជាមហាសេដ្ឋីលំដាប់លេខ២នៅលើពិភពលោក ខណៈតំណែងលេខ១ គឺលោក Bernard Arnault នាយកប្រតិបត្តិ LVMH ។
ទ្រព្យសម្បត្តិរបស់ Musk បានធ្លាក់ចុះជិត ៨ពាន់លានដុល្លារកាលពីថ្ងៃទី ២០ ខែធ្នូ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តបានធ្លាក់ចុះប្រហែល ៦១% ចាប់តាំងពីខែមករា ហើយធ្លាក់ចុះ ១២% កាលពីសប្តាហ៍មុន។
Elon Musk ជឿជាក់ថាការកើនឡើងអត្រាការប្រាក់បាននាំឱ្យវិនិយោគិនលក់ភាគហ៊ុន និងយកចិត្តទុកដាក់លើសាច់ប្រាក់។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគ និងម្ចាស់ភាគហ៊ុនមួយចំនួនបានលើកឡើងថា វាគឺជាការទិញយក Twitter ដែលបណ្តាលឱ្យលោក Musk លែងផ្តោតលើ Tesla ទៀតហើយ។ នេះធ្វើឱ្យវិនិយោគិនជាច្រើនព្រួយបារម្ភអំពីស្ថានភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុន Tesla នាពេលអនាគត។
KoGuan Leo ដែលជាម្ចាស់ភាគហ៊ុនធំទីបីនៅក្នុងក្រុមហ៊ុន Tesla បានសរសេរនៅលើ Twitter ថា “Elon Musk បានបោះបង់ចោលក្រុមហ៊ុន Tesla ហើយឥឡូវនេះក្រុមហ៊ុននេះមិនមាននាយកប្រតិបត្តិទេ” ។
ទ្រព្យសម្បត្តិរបស់ Elon Musk ភាគច្រើនពឹងផ្អែកលើភាគហ៊ុន Tesla ។ លើសពីនេះទៀត គាត់ក៏ជានាយកប្រតិបត្តិនៃ SpaceX និងជាសហស្ថាបនិកក្រុមហ៊ុន The Boring Company, Neuralink និង X.com ដែលក្រោយមកបានក្លាយជា PayPal ។
នៅក្នុងខែតុលាឆ្នាំនេះ Elon Musk បានទិញ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ហើយបានក្លាយជានាយកប្រតិបត្តិនៃគេហទំព័របណ្តាញសង្គមនេះ។ ពេលនេះគាត់មានគម្រោងបោះបង់តំណែងនេះហើយរកអ្នកជំនួសថ្មីផងដែរ៕