ទោះបីជាក្រុមរបស់ចិនមិនបានចូលរួមក្នុងការប្រកួត World Cup ប៉ុន្តែម៉ាកយីហោចិននៅតែគ្រប់គ្រងការប្រកួតក្នុងប្រទេសកាតាដោយមានការឧបត្ថម្ភជិត ១,៤ ពាន់លានដុល្លារ។ ក្រុមហ៊ុនចិនគឺជាអ្នកឧបត្ថម្ភដ៏ធំបំផុតនៃការប្រកួតនេះ ដោយចំណាយប្រាក់ច្រើនជាងក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកដូចជា Coca-Cola, McDonald’s និង Budweiser ។ យោងតាមក្រុមហ៊ុន GlobalData ដែលជាក្រុមហ៊ុនវិភាគ និងប្រឹក្សាទិន្នន័យដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញថាក្រុមហ៊ុនចិនបានឧបត្ថម្ភជិត ១,៤ ពាន់លានដុល្លារសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ប្រហែល ៣០០ លានដុល្លារច្រើនជាងអាជីវកម្មអាមេរិក។
ភាពលេចធ្លោរបស់ក្រុមហ៊ុនចិននៅក្នុងការប្រកួតនេះបង្ហាញពីមហិច្ឆតារបស់ពួកគេក្នុងការពង្រីកវត្តមានជាសកលរបស់ពួកគេ នៅពេលដែលទំហំនៃម៉ាកទាំងនេះកើនឡើង។ កាលពី ១២ ឆ្នាំមុន នៅអាហ្រ្វិកខាងត្បូង ក្រុមហ៊ុនចិនដំបូងគេដែលក្លាយជាអ្នកឧបត្ថម្ភផ្លូវការនៃការប្រកួតបាល់ទាត់ពិភពលោកគឺ Yingli Solar ដែលជាក្រុមហ៊ុនផលិតបន្ទះសូឡា។
ឆ្នាំនេះ ម្ចាស់ឧបត្ថម្ភចំនួនបួនរបស់ប្រទេសចិនសម្រាប់ការប្រកួត World Cup រួមមាន Wanda Group, Vivo, Mengniu Dairy និង Hisense ។ ទោះបីជាមានប្រាក់ចំណូលរាប់ពាន់លានដុល្លារ និងបុគ្គលិករាប់ពាន់នាក់ក៏ដោយ ក៏យីហោទាំងនេះនៅតែមានការទទួលស្គាល់មិនល្អនៅខាងក្រៅប្រទេសចិន។
Wanda Group គឺជាសហគ្រាសចិនដែលឧបត្ថម្ភការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ច្រើនជាងគេ។ យោងតាម GlobalData ក្រុមអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានប្តេជ្ញាចំណាយប្រាក់ ៨៥០ លានដុល្លារលើកិច្ចព្រមព្រៀងឧបត្ថម្ភរយៈពេល ១៥ ឆ្នាំសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកទាំងអស់រហូតដល់ឆ្នាំ ២០៣០។
ក្រុមហ៊ុនអេឡិចត្រូនិក Vivo ចំណាយប្រហែល ៤៥០ លានដុល្លារលើកិច្ចសន្យារយៈពេល ៦ ឆ្នាំសម្រាប់រយៈពេល ២០១៧-២០២២ ។ ក្រុមហ៊ុនអេឡិចត្រូនិកមួយទៀតគឺ Hisense ចំណាយប្រហែល ៣៥ លានដុល្លារ និងក្រុមហ៊ុនទឹកដោះគោ Mengniu បានបន្តវត្តមានក្នុងឧបត្ថម្ភការប្រកួតនៅឆ្នាំនេះនៅប្រទេសកាតា។
ជាក់ស្តែង Vivo បានជ្រៀតចូលទីផ្សារក្នុងប្រទេសចំនួន ១០ក្នុងទ្វីបអឺរ៉ុប តាមរយៈការឧបត្ថម្ភរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ីឆ្នាំ ២០១៨ ។ ចំណែកទីផ្សារនៃម៉ាកយីហោនេះនៅទ្វីបអឺរ៉ុបក៏បានកើនឡើងទ្វេដងផងដែរ បន្ទាប់ពីក្រុមហ៊ុននេះបានបន្តឧបត្ថម្ភព្រឹត្តិការណ៍ World Cup អឺរ៉ូឆ្នាំ ២០២០ ដូចគ្នានេះដែរការលក់ទូរទស្សន៍របស់ Hisense ក៏កើនឡើងបីដងផងដែរ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ចាប់ផ្តើម។
ក្រុមហ៊ុន Sony, Emirates និង Johnson & Johnson បានបញ្ឈប់ការឧបត្ថម្ភការប្រកួតបាល់ទាត់ពិភពលោកក្នុងឆ្នាំ ២០១៤ ដោយសារតែការចោទប្រកាន់អំពើពុករលួយទាក់ទងនឹងការផ្តល់រង្វាន់របស់ FIFA លើសិទ្ធិធ្វើម្ចាស់ផ្ទះដល់ប្រទេសរុស្ស៊ី និងកាតា ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនចិនបានបំពេញចន្លោះប្រហោងទាំងនេះ។
បន្ទាប់ពី Wanda បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភជាមួយ FIFA ក្នុងឆ្នាំ ២០១៦ ប្រធានក្រុមលោក Wang Jianlin បាននិយាយថា ភាពចម្រូងចម្រាសនេះគឺជាឱកាសមួយសម្រាប់ក្រុមហ៊ុនចិនដើម្បីលោតចូលក្នុងការឧបត្ថម្ភ World Cup ដែលមិនមានពីមុនមក ទោះបីជាចង់ក៏ដោយ។ ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ម៉ាកយីហោរបស់ចិនចំនួន ៧ បានឧបត្ថម្ភការប្រកួតជាមួយនឹងតម្លៃសរុបជាង ៨០០ លានដុល្លារអាមេរិក៕