[ក្នុងស្រុក] យោងតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី២៤ ខែវិច្ឆិកានេះ បានប្រកាសថា៖ បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក.ប.ទ. បានទាក់ទង និងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះជូនអ្នកផលិតមាតិកា YouTube របស់យើង។ ជាលទ្ធផល ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបាន ព្រមទាំងឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ។
ក្នុងនោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)ក៏បានបន្ថែមថា ក.ប.ទ. នឹងបន្តសហការជាមួយក្រុមហ៊ុន YouTube និងក្រុមហ៊ុននានាដែលមានថ្នាលវីដេអូនៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាល្អៗ គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្ដល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កំសាន្ដ បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ជាដើម ដែលទាំងនេះជាផ្នែកមួយជួយជំរុញដល់បរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។
ទន្ទឹមនឹងនេះដើម្បីជំរុញការអប់រំឌីជីថល ក.ប.ទ. សូមលើកទឹកចិត្តដល់អ្នកផលិតមាតិកាទាំងអស់ចូលរួមកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ដែលអាចស្វែងរកព័ត៌មានលម្អិតតាមគេហទំព័រ www.godigital.gov.kh។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាពិសេសអ្នកផលិតមាតិកា YouTube ទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕