ក្រុមហ៊ុន BMW Group បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងបណ្តាក់ទុនចំនួន ១,៧ ពាន់លានដុល្លារនៅក្នុងប្រតិបត្តិការនាសហរដ្ឋអាមេរិករបស់ខ្លួនដើម្បីបង្កើត និងផលិតរថយន្តអគ្គិសនី និងអាគុយ។
ការវិនិយោគនេះនឹងរួមបញ្ចូល ១ពាន់លានដុល្លារ ដើម្បីរៀបចំសម្រាប់ការផលិតរថយន្តអគ្គិសនីនៅរោងចក្រ Spartanburg ដែលមានស្រាប់របស់ក្រុមហ៊ុននៅរដ្ឋ South Carolina និង ៧០០ លានដុល្លារសម្រាប់រោងចក្រដំឡើងអាគុយគុណភាពខ្ពស់ថ្មីនៅ Woodruff ក្បែរនោះ។
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់រំពឹងថានឹងផលិតរថយន្តអគ្គិសនីយ៉ាងតិច ៦ម៉ូដែលនៅក្នុងសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០៣០។ រោងចក្រ Spartanburg ដែលជាកន្លែងការប្រកាសវិនិយោគបានកើតឡើង បច្ចុប្បន្ននេះកំពុងផលិតរថយន្ត BMW “X” ប្រភេទ SUV និងម៉ូឌុលថ្មលីចូមអ៊ីយ៉ុងសម្រាប់រថយន្ត Plug-in hybrid អគ្គិសនីចំនួនពីររបស់ខ្លួន ខណៈការផលិតរថយន្ត BMW XM អគ្គិសនីកូនកាត់ថ្មី ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។
ប្រធានក្រុមហ៊ុន BMW លោក Oliver Zipse បាននិយាយនៅក្នុងការចេញផ្សាយមួយថា “ឆ្ពោះទៅមុខ វាក៏នឹងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់យុទ្ធសាស្រ្តនៃរថយន្តអគ្គិសនីរបស់យើង ហើយយើងនឹងផលិតរថយន្ត BMW X អគ្គិសនីយ៉ាងតិច ៦ម៉ូដែលនៅទីនេះនៅឆ្នាំ ២០៣០” ។
ក្រុមហ៊ុន BMW កាលពីថ្ងៃពុធក៏បានប្រកាសពីកិច្ចព្រមព្រៀងទិញកោសិកាអាគុយពីក្រុមហ៊ុន Envision AESC ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលនឹងសាងសង់រោងចក្រកោសិកាថ្មីនៅរដ្ឋ South Carolina ដើម្បីផ្គត់ផ្គង់ដល់រោងចក្រ BMW ។
BMW បាននិយាយថា រោងចក្រ Envision AESC ត្រូវបានគេរំពឹងថានឹងមានសមត្ថភាពផលិតប្រចាំឆ្នាំ ទំហំ ៣០ជីហ្គាវ៉ាត់ម៉ោង ដែលស្របតាមផែនការរបស់ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផ្គត់ផ្គង់អាគុយផ្សេងទៀតសម្រាប់រោងចក្រនៅសហរដ្ឋអាមេរិក។
កាលពីខែមេសា ក្រុមហ៊ុនបានប្រកាសថានឹងចំណាយប្រាក់ ២ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រទីពីររបស់សហរដ្ឋអាមេរិកនៅរដ្ឋ Kentucky ។ រោងចក្រដំបូងរបស់ខ្លួននៅ Tennessee គឺផ្គត់ផ្គង់ Nissan Motor ។
ក្រុមហ៊ុន BMW បានប្រកាសរួចហើយថា រោងចក្រផលិតកោសិកាអាគុយចំនួន ៤បន្ថែមទៀតនឹងត្រូវសាងសង់នៅអឺរ៉ុប និងប្រទេសចិន ដើម្បីបំពេញតម្រូវការរបស់ខ្លួនសម្រាប់កោសិកាអាគុយជំនាន់ក្រោយ។
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះក៏កំពុងប្រឈមមុខនឹងគោលការណ៍ណែនាំប្រភពតឹងរ៉ឹង ដែលជាផ្នែកមួយនៃច្បាប់កាត់បន្ថយអតិផរណា និងកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា ដែលពីមុនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង។ គោលនយោបាយទាំងពីរនេះបានបង្កើនតម្រូវការសម្រាប់គ្រឿងបន្លាស់ និងសម្ភារៈយានយន្តដែលមានប្រភពក្នុងស្រុក ដើម្បីជៀសវាងពន្ធគយ ឬមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ៕