[វៀតណាម] ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម VinFast បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានទទួលកញ្ចប់ហិរញ្ញប្បទានចំនួន ១៣៥ លានដុល្លារ ដែលបានដឹកនាំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាផ្នែកមួយនៃការជំរុញដោយធនាគារក្នុងការជំរុញការវិនិយោគដែលមិនប៉ះពាល់ដល់បរិយាកាសក្នុងតំបន់។
VinFast ដែលជាក្រុមហ៊ុនរថយន្តរបស់ក្រុមហ៊ុន Vingroup JSC ដែលជាក្រុមហ៊ុនធំជាងគេរបស់វៀតណាម បាននិយាយកាលពីឆ្នាំមុនថា ខ្លួនគ្រោងនឹងរៃអង្គាសប្រាក់បានយ៉ាងហោចណាស់ ៤០០លានដុល្លារតាមរយៈកម្ចីបៃតងដំបូងរបស់ខ្លួនដើម្បីផ្តល់មូលនិធិដល់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។
សេចក្តីថ្លែងការណ៍រួមរបស់ភាគគីទាំងពីរបាននិយាយថា “ជំនួយរួមមានការផ្តល់ហិរញ្ញប្បទានរយៈពេល ៧ ឆ្នាំ រួមទាំងប្រាក់កម្ចីចំនួន ២០ លានដុល្លារដែលផ្តល់មូលនិធិដោយ ADB ប្រាក់កម្ចីប៉ារ៉ាឡែលចំនួន ៨៧ លានដុល្លារដែលសម្របសម្រួលដោយ ADB ជាអ្នកចាត់ចែងដឹកនាំដែលមានកាតព្វកិច្ចនិងហិរញ្ញប្បទានសម្បទានរហូតដល់ ២៨ លានដុល្លារ” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា Export Finance Australia, Finnish Fund for Industrial Cooperation, Oesterreichische Entwicklungsbank AG និង responsAbility ក៏បានចូលរួមនៅក្នុងការផ្តល់នូវប្រាក់កម្ចីផងដែរ។
គួរបញ្ញាក់ផងដែរ VinFast បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៩ និងបានបញ្ឈប់ការផលិតរថយន្តដែលដំណើរការដោយម៉ាស៊ីនចំហេះនៅក្នុងខែសីហា ហើយក៏កំពុងកំណត់គោលដៅលក់រថយន្តអគ្គិសនីទូទាំងពិភពលោកអោយបានចំនួន ៧៥០ ០០០គ្រឿងក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ ២០២៦។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា វិស័យដឹកជញ្ជូនរបស់ប្រទេសវៀតណាមមានចំនួន ១៨ ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេស។ ហើយបើយោងតាម ADB មូលនិធិនេះក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធត្រឹមឆ្នាំ ២០៥០ ផងដែរ៕