YouTube បានបង្ហាញវិធីថ្មីសម្រាប់អ្នកបង្កើតក្នុងការរកលុយតាមវីដេអូខ្លីៗ ដោយនឹងក្លាយការប្រកួតប្រជែងកាន់តែខ្លាំងពី TikTok ។
សេវាកម្មស្ទ្រីមដែលគ្រប់គ្រងដោយ Google បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងណែនាំការផ្សាយពាណិជ្ជកម្មលើមុខងារវីដេអូខ្លីៗរបស់ខ្លួន និងផ្តល់ឱ្យអ្នកបង្កើតវីដេអូទទួលបាន ៤៥ ភាគរយនៃប្រាក់ចំណូល។ ដោយប្រៀបធៀបជាមួយនឹងការចែកចាយស្តង់ដាររបស់ខ្លួនចំនួន ៥៥ ភាគរយសម្រាប់វីដេអូនៅខាងក្រៅ Shorts និងមូលនិធិ ១ ពាន់លានដុល្លាររបស់ TikTok សម្រាប់ការបង់ប្រាក់ឱ្យអ្នកបង្កើត។
គេហទំព័រវីដេអូលេចធ្លោរបស់អ៊ីនធឺណេតបានតស៊ូប្រកួតប្រជែងជាមួយ TikTok ដែលជាកម្មវិធីដែលចាប់ផ្តើមបង្ហោះវីដេអូរាំ និងធ្វើមាត់តាម ដែលបានបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ១ពាន់លាននាក់ក្នុងមួយខែ។ ក្នុងនោះ YouTube បានឆ្លើយតបនៅចុងឆ្នាំ ២០២០ ជាមួយនឹងវីដេអូខ្លីៗរយៈពេលមួយនាទី ដែលទាក់ទាញអ្នកមើលប្រចាំខែច្រើនជាង ១,៥ ពាន់លាននាក់។
កាលពីខែមេសា YouTube បានបង្កើតមូលនិធិចំនួន ១០០ លានដុល្លារ ដើម្បីទាក់ទាញអ្នកបង្កើតឱ្យបង្កើតវីដេអូដែលមានទំហំតូច។ អនុប្រធាន Tara Walpert Levy បាននិយាយថា YouTube កំពុងចែករំលែកចំណែកតូចជាងនៃការលក់ជាមួយអ្នកបង្កើត Shorts ដើម្បីទូទាត់ការវិនិយោគដ៏សំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍន៍លក្ខណៈពិសេសនេះ។
Google រកចំណូលបាន ១៤,២ ពាន់លានដុល្លារក្នុងការលក់ផ្សាយពាណិជ្ជកម្មតាម YouTube ក្នុងឆមាសទីមួយនៃឆ្នាំនេះ កើនឡើង ៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ប៉ុន្តែការលក់ផ្សាយពាណិជ្ជកម្មប្រចាំត្រីមាសចុងក្រោយបំផុតបានឆ្លុះបញ្ចាំងពីកំណើនយឺតបំផុតចាប់តាំងពីការបង្ហាញទិន្នន័យនោះបានចាប់ផ្តើមកាលពីបីឆ្នាំមុន។ ទោះបីជាកត្តាសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហាក៏ដោយ អ្នកវិភាគហិរញ្ញវត្ថុបាននិយាយថា TikTok ក៏ជាកត្តាមួយផងដែរ៕