SK Hynix ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេទីពីររបស់ពិភពលោកបាននិយាយកាលពីថ្ងៃអង្គារទី ៦ ខែកញ្ញាថា ខ្លួននឹងវិនិយោគ ១០,៩ ពាន់លានដុល្លារ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។
SK Hynix បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាងសង់កន្លែងដែលមានឈ្មោះថា M15X នឹងចាប់ផ្តើមនៅក្នុងខែតុលា ហើយនឹងបញ្ចប់នៅដើមឆ្នាំ ២០១៥ នៅទីក្រុង Cheongju ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។ រោងចក្រនេះនឹងផលិតបន្ទះឈីប ប៉ុន្តែថាតើវានឹងជាបន្ទះឈីប DRAM ឬបន្ទះឈីប NAND flash នឹងត្រូវបានកំណត់យោងទៅតាមលក្ខខណ្ឌទីផ្សារ។
SK Hynix មានកន្លែងផលិត DRAM នៅ Icheon ប្រទេសកូរ៉េខាងត្បូង រោងចក្រផលិតបន្ទះឈីប NAND flash នៅ Cheongju ក៏ដូចជារោងចក្រផលិតនៅ Wuxi, Chongqing និង Dalian ប្រទេសចិន។ មេរបស់ខ្លួនគឺ SK Group ថ្មីៗនេះបានប្រកាសពីគម្រោងសាងសង់កន្លែងវេចខ្ចប់បន្ទះឈីបនៅសហរដ្ឋអាមេរិកផងដែរ។
តម្រូវការបន្ទះឈីបកំពុងធ្លាក់ចុះ ខណៈដែលតម្រូវការឧបករណ៍ប្រើប្រាស់ធ្លាក់ចុះក្នុងការឆ្លើយតបទៅនឹងអតិផរណា ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងភាពមិនច្បាស់លាស់នៃខ្សែសង្វាក់ផ្គត់ផ្គង់។ SK Hynix បានកត់សម្គាល់ថាអ្នកជំនាញបានព្យាករណ៍ពីការងើបឡើងវិញពីឆ្នាំ ២០២៤ និងការស្ទុះងើបឡើងវិញនៅឆ្នាំ ២០២៥ ដោយលក្ខណៈវដ្តនៃអាជីវកម្មមានភាពប្រែប្រួលតិចជាងបើប្រៀបធៀបទៅនឹងឆ្នាំមុន។
បន្ថែមពីនេះ ក្រុមហ៊ុននេះក៏បាននិយាយថា “ផែនការសាងសង់ M15X កើតឡើងនៅពេលដែល SK Hynix រៀបចំសម្រាប់ការកើនឡើងបន្ទាប់ដែលរំពឹងថានឹងមកដល់ក្នុងឆ្នាំ២០២៥”៕