Cisco Systems Inc បានផ្តល់ការព្យាករណ៍ជាវិជ្ជមានសម្រាប់ការលក់នៅត្រីមាសទី១ ដោយសារការស្ទុះងើបឡើងវិញនៃ កូវីដ១៩ នៅក្នុងប្រទេសចិនកាត់បន្ថយការខ្វះខាតខ្សែសង្វាក់ផ្គត់ផ្គង់ និងជួយឱ្យក្រុមហ៊ុនបំពេញតម្រូវការសម្រាប់បណ្តាញ Hardware ដោយធ្វើអោយភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងការជួញដូរបន្តឡើងខ្ពស់ជាងមុន ៥ភាគរយ។
លទ្ធផលដែលបានប្រកាសកាលពីថ្ងៃពុធបង្ហាញថាក្រុមហ៊ុនផលិតឧបករណ៍បណ្តាញបានចាប់ផ្តើមយកឈ្នះលើបញ្ហាសមាសធាតុដែលបានរារាំងពួកគេពីការងើបឡើងវិញ ក្រោយជំងឺរាតត្បាតនៅក្នុងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
នាយកប្រតិបត្តិលោក Chuck Robbins បាននិយាយនៅក្នុងសេចក្តីប្រកាសថា “បន្ទាប់ពីខែមេសាដ៏លំបាកដោយសារតែការបិទដែលទាក់ទងនឹងកូវីដនៅទីក្រុងសៀងហៃ … ឧបសគ្គនៃការផ្គត់ផ្គង់សរុបបានចាប់ផ្តើមធូរស្រាលបន្តិចនៅពាក់កណ្តាលត្រីមាសទីបួន ហើយបន្តដល់ដើមត្រីមាសទី ១”
បណ្តាញ Network រំពឹងថាប្រាក់ចំណូលក្នុងត្រីមាសបច្ចុប្បន្ននឹងកើនឡើងចន្លោះពី ២ ភាគរយទៅ ៤ ភាគរយ ខណៈដែលអ្នកវិភាគបានព្យាករណ៍ថាវានឹងនៅដដែលនេះបើយោងតាមទិន្នន័យរបស់ Refinitiv IBES ប៉ុន្តែប្រាក់ចំណូលប្រចាំឆ្នាំត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ៤ ទៅ ៦ ភាគរយ។
ទោះបីជាយ៉ាងណាក៏ដោយ ការកើនឡើងនៃថ្លៃដើមគឺជាមូលហេតុនៃការព្រួយបារម្ភសម្រាប់អ្នកផលិត Router, Switches និងឧបករណ៍ទំនាក់ទំនង ដោយសារវាចំណាយកាន់តែច្រើនលើការដឹកជញ្ជូន ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រឿងបន្លាស់ប្រកបដោយស្ថិរភាព។
បន្ទាប់ពីការធ្លាក់ចុះនៃប្រាក់ចំណេញក្នុងត្រីមាសខែមេសា ដល់ខែមិថុនាដល់ ៦១,៣ ភាគរយពី ៦៣,៦ ភាគរយ នាយកប្រតិបត្តិ Robbins បាននិយាយថាការចំណាយខ្ពស់នឹងបន្តក្នុងរយៈពេលខ្លី។ នោះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងត្រីមាសទី១ របស់ខ្លួនដែលបានកែសម្រួលការព្យាករណ៍ប្រាក់ចំណេញពី ៨២ ទៅ ៨៤ សេន ដោយប្រាក់ចំណេញដែលបានកែតម្រូវនៅត្រីមាសទី៤ គឺ ៨៣ សេនក្នុងមួយហ៊ុន ដែលមួយសេនលើសពីការប៉ាន់ស្មាន។ ប្រាក់ចំណូលទទួលបាន ១៣,១ ពាន់លានដុល្លារ លើសពីការរំពឹងទុក ១២,៧៣ ពាន់លានដុល្លារ៕