កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា YouTube របស់ក្រុមហ៊ុន Alphabet Inc គ្រោងនឹង ដំណើរការហាងអនឡាញមួយ (Online Store) សម្រាប់សេវាកម្មស្ទ្រីម(Stream)វីដេអូ។
ក្រុមហ៊ុនបានបន្តការពិភាក្សាជាមួយក្រុមហ៊ុនកម្សាន្តអំពីការចូលរួមក្នុងវេទិកា ដែលសំដៅថាជា “Channel store” នេះបើយោងតាមរបាយការណ៍ដែលបាននិយាយ ដោយដកស្រង់ពីមនុស្សជិតស្និទ្ធនឹងការពិភាក្សានាពេលថ្មីៗនេះ។
របាយការណ៍បានបន្ថែមថា វេទិកានេះប្រើប្រាស់រយៈ ១៨ខែក្នុងការធ្វើអោយលេចចេញជារូបរាង ហើយអាចដំណើរការបាននៅដើមរដូវស្លឹកឈើជ្រុះនេះ។
ជាមួយនឹងអ្នកប្រើប្រាស់កាន់តែច្រើនបានកាត់ផ្តាច់សេវាកម្មទូរទស្សន៍ខ្សែកាប ឬផ្កាយរណប ហើយប្តូរទៅសេវាកម្មស្ទ្រីមផ្អែកលើការSubscribe នោះការបើកដំណើរការដែលបានគ្រោងទុកនឹងអនុញ្ញាតឱ្យ YouTube ចូលរួមជាមួយក្រុមហ៊ុនដូចជា Roku Inc និង Apple ក្នុងការដេញថ្លៃដើម្បីទទួលបានផ្នែកមួយនៃទីផ្សារស្ទ្រីមដែលមានមនុស្សច្រើន។
កាលពីដើមសប្តាហ៍នេះ កាសែត New York Times បានរាយការណ៍ថាក្រុមហ៊ុន Walmart Inc បានពិភាក្សាជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអំពីការរួមបញ្ចូលការស្ទ្រីមកម្សាន្តនៅក្នុងសេវាកម្មរបស់សមាជិករបស់ខ្លួន៕