ក្រុមហ៊ុន Volkswagen នឹងទិញយកនូវ Software និង Hardware បើកបរស្វ័យប្រវត្តិពីក្រុមហ៊ុនអ៊ីស្រាអែល Innoviz Technologies ក្នុងទំហំទឹកប្រាក់រហូតដល់ ៤ពាន់លានដុល្លារ។
ការជួញដូរបានធ្វើឡើងរវាងក្រុមហ៊ុនបច្ចេកវិទ្យា CARIAD របស់ Volkswagen ផ្ទាល់ ដែលក្នុងនោះរួមបញ្ចូលគ្រឿងបរិក្ខារដូចជា Sensor LIDAR ដែលប្រើប្រាស់ឡាស៊ែជាគោល ដោយ Volkswagen Group នឹងប្រើប្រាស់វាដើម្បីធ្វើឲ្យប្រព័ន្ធជំនួយអ្នកបើកបរ និងប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ខ្លួនកាន់តែទំនើបចាប់ពីឆ្នាំ២០២៥តទៅ។
ការជួញដូរនេះបានធ្វើឲ្យក្រុមហ៊ុន Innoviz អាចកើនឡើងតម្លៃទីផ្សាររបស់ខ្លួនដល់ ៦,៦ពាន់លានដុល្លារ ខណៈដែលមុនការជួញដូរនេះតម្លៃរបស់ក្រុមហ៊ុនមានប្រមាណ ៥០០លានដុល្លារប៉ុណ្ណោះ។
គួរដឹងថាកន្លងមកនេះក្រុមហ៊ុន CARIAD បានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកទេសជាច្រើន រួមមានក្រុមហ៊ុន Bosch, Qualcomm និង STMicroelectronics ជាដើម។ Volkswagen Group ផ្ទាល់ក៏បានបណ្ដាក់ទុនជាទឹកប្រាក់ ២,៦ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនបច្ចេកវិទ្យាថ្មីថ្មោងឈ្មោះថា Argo AI ផងដែរ៕