[Meta] Meta ក្រុមហ៊ុនមេរបស់ Facebook នៅថ្ងៃទី ២៧ ខែកក្កដា បានប្រកាសអំពីរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទីពីររបស់ខ្លួន។ ដោយប្រាក់ចំណូលរបស់ខ្លួនទទួលបានសរុប ២៨,៨ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយនេះជាលើកទីមួយហើយដែលវាបានកើតឡើងចាប់តាំងពីការប្រកាស IPO របស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១២។ ចំណែកប្រាក់ចំណេញសុទ្ធរបស់ Meta ក៏បានធ្លាក់ចុះចំនួន ៣៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានចំនួន ៦,៧ ពាន់លានដុល្លារ។ ខណៈតម្លៃជាមធ្យមក្នុងមួយការផ្សាយពាណិជ្ជកម្មក៏ចុះទាបជាងក្នុងឆ្នាំ ២០២១ ចំនួន ១៤%។ នេះគឺជាសញ្ញានៃតម្រូវការធ្លាក់ចុះសម្រាប់ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចនាពេលថ្មីៗនេះ។
ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែនៅលើកម្មវិធី Facebook ក៏ថយចុះពីត្រីមាសមុនផងដែរ ពី ២,៩៣៦ ពាន់លានមក ២,៩៣៤ ពាន់លាន។ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា នេះត្រូវបានចាត់ទុកថាដោយសារតែ “ការបិទអ៊ីនធឺណិតទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន” ហើយ លោកបន្តថា៖ «ចំនួនអ្នកប្រើហ្វេសប៊ុកប្រចាំថ្ងៃនៅបន្តកើនឡើង។
Meta ស្ថិតនៅក្រោមសម្ពាធ ការកើនឡើងយឺត ការប្រកួតប្រជែងពីសមាជិកថ្មី (ដូចជា TikTok) និងការធ្លាក់ចុះសេដ្ឋកិច្ច។ នៅក្នុងរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួន ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុង “កាត់បន្ថយការជ្រើសរើសបុគ្គលិកថ្មី និងផែនការកំណើននៅឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងបរិយាកាសដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង”។
ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃប្រាក់ចំណូលត្រូវបានគេរំពឹងថានឹងបន្តកើតមាន។ Meta និយាយថា ខ្លួនបានព្យាករប្រាក់ចំណូលនៅត្រីមាសទីបីចន្លោះពី ២៦ ពាន់លានដុល្លារទៅ ២៨,៥ ពាន់លានដុល្លារ។
Meta បានសន្មតថាការធ្លាក់ចុះនៃប្រាក់ចំណូលដោយសារ VR, Reality Labs និងតម្រូវការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតចុះខ្សោយ។ ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតចាប់ពី Twitter ដល់ Snap កំពុងជួបការលំបាកនៅពេលដែលថវិកាផ្សាយពាណិជ្ជកម្មរបស់អតិថិជនរបស់ពួកគេធ្លាក់ចុះ។ Meta ពីមុនមានការលំបាកនៅពេល Apple ផ្លាស់ប្តូរប្រព័ន្ធ Algorithm នៅលើ iOS ដែលធ្វើឱ្យការផ្សាយពាណិជ្ជកម្មរបស់ Facebook ពិបាកទៅដល់អតិថិជនគោលដៅ។
បន្ទាប់ពីការចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ ភាគហ៊ុន Facebook បានធ្លាក់ចុះ ៥% ក្នុងការជួញដូរ។ លោក Jesse Cohen បាននិយាយថា “បណ្តាញសង្គមនេះនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននៅក្នុងប៉ុន្មានខែខាងមុខនេះ ដែលភាគច្រើនដោយសារតែការថយចុះនៃកំណើនប្រាក់ចំណូល ដោយសារតែអតិថិជនកាត់បន្ថយការចំណាយលើការផ្សាយពាណិជ្ជកម្ម ក៏ដូចជាកង្វះការបង្ហាញចេញនូវមុខងារថ្មីៗដែលងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់”៕