យោងតាមកាសែត Wall Street Journal បានរាយការណ៍ថា ថ្នាក់ដឹកនាំនៃផ្នែក Cloud Computing របស់ Alibaba Group Holding Ltd. ត្រូវបានកោះហៅដោយអាជ្ញាធរក្រុងសៀងហៃ ពាក់ព័ន្ធនឹងករណីលួចទិន្នន័យធ្ងន់ធ្ងរ។ ថ្នាក់ដឹកនាំដែលត្រូវបានកោះហៅគឺលោក Chen Xuesong អនុប្រធាន Alibaba Cloud ដែលទទួលបន្ទុកផ្នែកសន្តិសុខសាធារណៈឌីជីថលរបស់អង្គភាពនេះ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការលួចទិន្នន័យបានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញប្រទេសចិន។ ពួក Hacker ទទួលបានទិន្នន័យរបស់អ្នកស្រុកចិនរាប់ពាន់លាននាក់ បន្ទាប់ពីបានលួចចូលទៅក្នុងមូលដ្ឋានទិន្នន័យរបស់ប៉ូលីស។ ក្រុម Hacker ក៏បានស្នើលក់ព័ត៌មាននេះក្នុងតម្លៃប្រហែល ២០០ ០០០ ដុល្លារ។
យោងតាម Cybersecurity Researchers កុងសូលឌីជីថលដែលគ្រប់គ្រងមូលដ្ឋានទិន្នន័យបានបើកអស់រយៈពេលជាងមួយឆ្នាំហើយ ដែលធ្វើឱ្យវាងាយស្រួលសម្រាប់ពួក Hacker ក្នុងការលួច និងលុបមាតិការបស់វា។
យោងតាមកាសែត Wall Street Journal ដោយផ្អែកលើការស្កេនមូលដ្ឋានទិន្នន័យ ក្រុមការងារបានសន្និដ្ឋានថា ផ្ទាំងគ្រប់គ្រងត្រូវបានបង្ហោះនៅលើវេទិកាពពករបស់ Alibaba ។ បុគ្គលិករបស់ក្រុមហ៊ុនក៏បានបញ្ជាក់ និងធ្វើការស៊ើបអង្កេតផ្ទៃក្នុងលើឧបទ្ទវហេតុនេះផងដែរ។ នៅលើផ្សារហ៊ុនញូវយ៉ក ADR របស់ Alibaba (វិញ្ញាបនបត្រដាក់ប្រាក់បញ្ញើរបស់សហរដ្ឋអាមេរិក) បានធ្លាក់ចុះ៥,១ភាគរយ៕