[ទីផ្សារបរទេស] ក្នុងរយៈពេលមួយខែដំបូងនៃឆ្នាំ២០២២នេះ ក្រុមហ៊ុនរថយន្តអគ្គិសនី Polestar អាចលក់រថយន្តបានសរុប ២១ ២០០គ្រឿង ដែលជាកំណើនជិត ១២៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដែលពេលនោះលក់បាន ៩ ៥១០គ្រឿង។
នៅពេញមួយឆ្នាំ២០២១ ក្រុមហ៊ុន Polestar អាចលក់រថយន្តបាន ២៩ ០០០គ្រឿង ហើយបើតាមតួលេខបច្ចុប្បន្ននេះក្រុមហ៊ុននឹងអាចលក់លើសចំនួនលក់សរុបកាលពីឆ្នាំ២០២២ ដោយប្រើពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ។
Polestar មានផែនការបន្តពង្រីកម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាបន្តបន្ទាប់ ដោយនៅចុងឆ្នាំនេះក្រុមហ៊ុននឹងប្រកាសចេញរថយន្តអគ្គិសនីម៉ូដែលថ្មីឈ្មោះថា Polestar 3 ដោយរថយន្តនេះនឹងចូលរោងចក្រផលិតនៅឆ្នាំបន្ទាប់។
ជាមួយការពង្រីកទីផ្សារជាបន្តបន្ទាប់ ក៏ដូចជាការប្រកាសចេញរថយន្តថ្មីៗឥតឈប់ឈរនោះ Polestar រំពឹងថានៅត្រឹមឆ្នាំ២០២៥ ខ្លួននឹងអាចលក់រថយន្តបាន ២៩ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ជាចំនួនលក់ដែលលើសឆ្នាំ២០២១រហូតដល់ ១០ដងឯណោះ៕