[បរទេស] ក្រុមហ៊ុន Netflix មានគម្រោងចាប់ដៃគូជាមួយក្រុមហ៊ុន Microsoft បន្ទាប់ពីមានការប្រកាសនៅក្នុងខែមេសាថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ថែមកញ្ចប់គម្រោងភ្ជាប់ដែលមានការផ្សាយពាណិជ្ជកម្មក្នុងតម្លៃទាបទៅក្នុងសេវាកម្មរបស់ខ្លួន។
នោះគឺជាអ្វីដែលនាយកប្រតិបត្តិក្រុមហ៊ុន Netflix លោក Reed Hastings បានជំទាស់អស់រយៈពេលជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រ ២៥ឆ្នាំរបស់ខ្លួន។ ដូច្នោះហើយ ជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ដែលក្រុមហ៊ុន Netflix បានបាត់បង់អតិថិជនមួយចំនួនធំនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។
កាលបរិច្ឆេទនៃការចាប់ផ្តើមនៃកញ្ចប់ភាពយន្តដែលមានការផ្សាយពាណិជ្ជកម្មមិនត្រូវបានប្រកាសជាផ្លូវការទេ។ កាលពីមុន The New York Times បានរាយការណ៍នៅក្នុងខែឧសភា ក្រុមហ៊ុន Netflix បានប្រាប់បុគ្គលិកថាផែនការនេះអាចចាប់ផ្តើមពីចុងឆ្នាំ២០២២។
លោក Greg Peters នាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងផលិតផលរបស់ Netflix បាននិយាយថា Microsoft នឹងផ្តល់សេវាកម្មនេះ និងធានាភាពឯកជនរបស់អ្នកប្រើប្រាស់របស់ខ្លួន។ លោកបានបន្ថែមថាគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុន Netflix គឺដើម្បីបន្ថែមជម្រើសកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ និងបទពិសោធន៍ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍កាន់តែប្រសើរសម្រាប់ម៉ាកយីហោ។
នៅក្នុងខែមេសា ក្រុមហ៊ុន Netflix បានចេញផ្សាយរបាយការណ៍មួយដែលបញ្ជាក់ថាវេទិកាផ្សាយពាណិជ្ជកម្មបានបាត់បង់អ្នកជាវ ២០០ ០០០នាក់ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ ហើយរំពឹងថានឹងបាត់បង់ការជាវ ២ លានទៀតនៅក្នុងត្រីមាសទីពីរ។ ដំណឹងនេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ Netflix ធ្លាក់ចុះ ហើយធ្វើឱ្យអ្នកវិនិយោគមានការភ័យខ្លាចទាំងអំពីអនាគតរបស់ Netflix និងចំណូលអាជីវកម្មស្ទ្រីមទាំងមូល។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ក្រុមហ៊ុន Netflix បានកត់ត្រាការកើនឡើងជិត ១០% នៃប្រាក់ចំណូលដល់ ៧,៩ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញរបស់ក្រុមហ៊ុនមានត្រឹមតែ ១,៦ ពាន់លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះពី ១,៧ ពាន់លានដុល្លារនៅក្នុងត្រីមាសមុន។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Netflix គឺធ្លាក់ចុះ ៦៨% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយឥឡូវនេះកំពុងជួញដូរនៅក្នុងតម្លៃ ១៩០ដុល្លារ ក្នុងមួយហ៊ុន នេះបើយោងតាម Bloomberg ។
ថ្មីៗនេះ Disney បាននិយាយថាខ្លួនបានបន្ថែមការចុះឈ្មោះថ្មីចំនួន ៧,៩ លានកាលពីត្រីមាសមុន Paramount ក៏បានកត់ត្រាការចុះឈ្មោះថ្មីចំនួន ៦លានបន្ថែមទៀតនៅលើវេទិកាស្ទ្រីមក្នុងត្រីមាសទីមួយនៃឆ្នាំនេះ៕