[វៀតណាម] យោងតាមទិន្នន័យដែលទើបតែចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO)នៃប្រទេសវៀតណាមនៅព្រឹកថ្ងៃទី ២៩ ខែមិថុនាបានបង្ហាញថា GDP (Gross Domestic Product) នៅក្នុងត្រីមាសទីពីរត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៧,៧២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលខ្ពស់ជាងអត្រាកំណើននៃត្រីមាសទីពីរនៃកំឡុងឆ្នាំ ២០១១-២០២១។
GDP ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២២នេះ បានកើនឡើង ៦,៤២ភាគរយ ខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ និង ២០២១ ប៉ុន្តែទាបជាងអត្រានៃឆ្នាំ ២០១៨ និង ២០១៩។ នៅក្នុងការកើនឡើងនៃសេដ្ឋកិច្ចទាំងមូលនេះត្រូវបានចូលរួមពី
- វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកើនឡើង ២,៧៨ភាគរយ
- វិស័យឧស្សាហកម្ម និងសំណង់កើនឡើង ៧,៧០ភាគរយ
- វិស័យឧស្សាហកម្មកែច្នៃ និងផលិតគឺជាម៉ាស៊ីនកំណើននៃសេដ្ឋកិច្ចទាំងមូលជាមួយនឹងអត្រាកំណើន ៩,៦៦ភាគរយ
- វិស័យសេវាកម្មកើនឡើង ៦,៦ភាគរយ
ចំពោះតម្លៃបន្ថែមនៃឧស្សាហកម្មទាំងមូលក្នុងរយៈពេល ៦ខែត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៨,៤៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះឧស្សាហកម្មកែច្នៃ និងផលិតបានកើនឡើង ៩,៦៦ភាគរយ។
ក្នុងខែមិថុនា ប្រទេសវៀតណាមមានសហគ្រាសទើបបង្កើតថ្មីជិត ១៣ ៣០០ ដែលជាការថយចុះបន្តិចបើធៀបនឹងខែមុន ប៉ុន្តែកើនឡើង ១៧,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
- ចំពោះចំណូលនៃការនាំចេញនៅក្នុងត្រីមាសទី២ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩៦,៨ពាន់លានដុល្លារ (កើនឡើង ២១ភាគរយ) ហើយក្នុងរយៈពេល ៦ខែឈានដល់ ១៨៥,៩៤ ពាន់លានដុល្លារ (កើនឡើង ១៧,៣ភាគរយ)។
- ការនាំចូលក្នុងត្រីមាសទីពីរត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៩៧,៦ ពាន់លានដុល្លារ (កើនឡើង ១៥,៧ភាគរយ) ហើយក្នុងរយៈពេល ៦ខែដំបូងត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៨៥,២៣ ពាន់លានដុល្លារ (កើនឡើង ១៥,៥ភាគរយ) ។
ទោះបីជាមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃសាំងក៏ដោយ ប៉ុន្តែសន្ទស្សន៍នៃតម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែមិថុនាបានកើនឡើង ០,៦៩ភាគរយ បើធៀបនឹងខែមុន។ ប៉ុន្តែបានកើនឡើង ៣,១៨ភាគរយ បើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ២០២១ និងកើនឡើង ៣,៣៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមធ្យមក្នុងរយៈពេល ៦ ខែដំបូង CPI បានកើនឡើង ២,៤៤ភាគរយ ។
បើយោងតាមការិយាល័យស្ថិតិទូទៅ ភ្ញៀវអន្តរជាតិទៅកាន់ប្រទេសវៀតណាមក្នុងខែមិថុនាបានឈានដល់ចំនួន ២៣៦ ៧០០ នាក់ កើនឡើង ៣៦,៨ភាគរយ ធៀបនឹងខែមុន និង ៣២,៩ ដងច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារវៀតណាមបានបើកវិស័យទេសចរណ៍ឡើងវិញ។
ជាទូទៅក្នុងរយៈពេល ៦ខែដំបូង ការមកដល់របស់អន្តរជាតិបានកើនឡើងដល់ ៦០២ ០០០នាក់ កើនឡើង ៦,៨ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែនៅតែធ្លាក់ចុះ ៩២,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលជាឆ្នាំមិនមានការរីករាលដាលនៃ Covid-19។
- អ្វីទៅ GDP ?
ផលិតផលក្នុងស្រុកសរុប (GDP) គឺជាការវាស់ស្ទង់តម្លៃរូបិយវត្ថុរាល់ទំនិញនិងសេវាកម្មដែលផលិតក្នុងរយៈពេលកំណត់ណាមួយនៅក្នុងប្រទេសដែលបានផលិតក្នុងពេលកំណត់ណាមួយជាក់លាក់។ ផលិតផលក្នុងស្រុកសរុប (GDP) ជាទូទៅត្រូវបានគេគណនាជាប្រចាំឆ្នាំ វាក៏អាចគណនាប្រចាំត្រីមាសផងដែរ៕