តាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ឆ្នាំ ២០២១ បានបង្ហាញពីទិដ្ឋភាពជារួមនៃការទូទាត់ដែលកំពុងតែមានការផ្លាស់ប្តូរយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល។ បច្ចុប្បន្ន ១៤% (ដប់បួនភាគរយ) នៃអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនបានប្រើប្រាស់សាច់ប្រាក់សុទ្ធទេ ហើយនិន្នាការនេះត្រូវបានគេសង្កេតឃើញថាអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាមានភាពឈានមុខគេ នេះបើយោងតាមតួលេខបង្ហាញ (ដែលមានប្រមាណរហូតដល់ ៣៦%)។
បើមើលទៅតាមប្រភេទដែលអ្នកប្រើប្រាស់និយម ការប្រើប្រាស់កាបូបអេឡិចត្រូនិក (e-Wallet) និង កាត គឺជាជម្រើសលេចធ្លោនៅក្នុងទីផ្សារ។ បច្ចុប្បន្នការទូទាត់ទាំងពីរប្រភេទនេះត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជាប្រមាណ ២៥% ពោលគឺយ៉ាងហោចណាស់ ៤នាក់ ក្នុងចំណោម ១០នាក់នឹងប្រើប្រាស់ជម្រើសមួយក្នុងចំណោមជម្រើស២ប្រភេទនេះ។ ក្នុងនោះដែរប្រមាណ ១៤ ភាគរយ ប្រើទាំងកាបូបអេឡិចត្រូនិច និងកាត។ បន្ថែមលើសពីនេះ ការទូទាត់តាមរយៈ QR កូដ និង ការឆូត ឬ បញ្ចូលកាត ត្រូវបានគេមើលឃើញថាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងត្រូវបានប្រជាប្រិយភាពនៅក្នុងទីផ្សារច្រើនជាងមធ្យោបាយនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធផ្សេងៗទៀត។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាទទួលយកការទូទាត់តាមរយៈឌីជីថលយ៉ាងឆាប់រហ័ស នេះគឺដោយសារតែការពេញចិត្តនឹងភាពងាយស្រួល និងសុវត្ថិភាព។ ក្រុមហ៊ុនVisa កំពុងផ្តល់ជូនភាគីពាក់ព័ន្ធទាំងអស់នូវដំណោះស្រាយ និងការប្រើប្រាស់ព័ត៌មានទីផ្សារ ដើម្បីអាចឲ្យយើងទាំងអស់គ្នាអាចបោះជំហានទៅមុខប្រកបដោយផាសុកភាពនៅក្នុងស្ថានភាពនៃសេដ្ឋកិច្ចឌីជីថលដែលកំពុងតែរីកចម្រើនរបស់កម្ពុជា»។
ជាមួយការបែងចែកយ៉ាងច្បាស់លាស់នៃអាយុអ្នកប្រើប្រាស់នៅក្នុងការសិក្សានៃការទូទាត់ ភាគច្រើននៃអ្នកដែលចូលចិត្តប្រើប្រាស់សាច់ប្រាក់សុទ្ធ (ដែលមានប្រមាណ ៧៨%) គឺជាមនុស្សចាស់។ ទន្ទឹមនឹងនេះ ជម្រើសទូទាត់តាមរយៈការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ គឺមានប្រជាប្រិយភាពបំផុតក្នុងចំណោមក្រុមមនុស្សអាយុ ចន្លោះពី ២៥ឆ្នាំ ដល់ ៤០ឆ្នាំ (មនុស្សជំនាន់ Z និង ជំនាន់ Y) មានប្រមាណជា ២១ ភាគរយ ដែលចូលចិត្តរបស់ពួកគាត់គឺការទូទាត់តាមរយៈ QR កូដ។ ការទូទាត់ប្រាក់តាមរយៈការប្រើ កាត ក៏មានការពេញនិយមប្រហាក់ប្រហែលគ្នាផងដែរក្នុងចំណោមក្រុមមនុស្សវ័យនេះ។
វិធីសាស្ត្រទូទាត់របស់អ្នកប្រើប្រាស់ប្រើជាប្រចាំ – គឺសំដៅទៅលើវិធីសាស្ត្រទូទាត់ដែលអ្នកប្រើប្រាស់ជ្រើសប្រើញ៉ឹកញ៉ាប់បំផុត យ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្តាហ៍។ អ្នកប្រើប្រាស់ប្រភេទនេះ មានយ៉ាងហោចម្នាក់ក្នុងចំណោម ៥ នាក់ បាននឹងកំពុងប្រើប្រាស់វា ហើយជានិច្ចកាលនិយមប្រើប្រាស់ជាមួយនឹងការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ និង កាតអនឡាញ។ សម្រាប់ការប្រើប្រាស់កាត ស្ទើរតែពាក់កណ្តាលនៃចំនួនកាតដែលមានផ្ទុកបច្ចេកវិទ្យា Contactless និងត្រូវបានប្រើយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ លើសពីនេះ ប្រទេសកម្ពុជាបាននាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅលើអ្នកប្រើប្រាស់កម្មវិធីធនាគារចល័តជាលើកដំបូងច្រើនជាងគេបំផុតក្នុងអំឡុងពេលមានជំងឺរាតត្បាត (ប្រមាណជា ២៩%) ។
ជាការពិតណាស់ វិធីសាស្ត្រទូទាត់តាមរយៈការឆូត ឬ បញ្ចូល កាត បានកើនឡើងដល់ ២៣ភាគរយ នៅក្នុងទីផ្សារ ដែលច្រើនជាងកាលពីឆ្នាំមុនពីរដង។ ទន្ទឹមនឹងនេះ មានអ្នកប្រើប្រាស់រហូតដល់ ៤ នាក់ក្នុងចំណោម ១០នាក់ ចាប់អារម្មណ៍ក្នុងការសាកល្បងប្រើប្រាស់កាតដែលមានផ្ទុកបច្ចេកវិទ្យា contactless ។ អ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ២៥ឆ្នាំ ដល់ ៤០ឆ្នាំ មានចំណាប់អារម្មណ៍ខ្លាំងបំផុត ដែលប្រហែលជាងមួយភាគបី គឺចង់ប្រើប្រាស់វិធីសាស្ត្រទូទាត់មួយនេះ។
អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមទៀតថា៖ «កាតដែលមានផ្ទុកបច្ចេកវិទ្យា Contactless គឺជាវិធីសាស្ត្រទូទាត់មានការច្នៃប្រឌិតចុងក្រោយបំផុតដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូនបទពិសោធន៍ប្រតិបត្តិការដែលកាន់តែរហ័ស មានសុវត្ថិភាព និងងាយស្រួលជាងមុន។ អ្នកប្រើប្រាស់ ជាពិសេសក្មេងៗជំនាន់ក្រោយ ចង់ឃើញដំណោះស្រាយ និងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈបច្ចេកវិទ្យា contactless ឲ្យកាន់តែទូលំទូលាយ។ ក្នុងនាមជាប្រព័ន្ធពាណិជ្ជកម្មដែលគួរឱ្យទុកចិត្តមួយ ក្រុមហ៊ុន Visa ចង់ប្រើសមត្ថភាពចម្រុះនៃបណ្តាញរបស់យើង ដើម្បីជួយដល់ការអភិវឌ្ឍ រូបវន្តបុគ្គល អាជីវកម្ម និងសេដ្ឋកិច្ចឲ្យមានការរីកចម្រើន»។
អំពីក្រុមហ៊ុន Visa Inc.
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com៕