[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes និងក្រុមហ៊ុនដេញថ្លៃ RM Sotheby បានបញ្ជាក់អំពីដំណឹងនៃតម្លៃរថយន្ត Mercedes-Benz 300 SLR Uhlenhaut Coupe ដែលអាចលក់ចេញថ្លៃបានតម្លៃរហូតដល់ប្រមាណ ១៤២លានដុល្លារ បំបែកកំណត់ត្រាជារថយន្តថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រ។
តម្លៃរបស់រថយន្តស៊េរីឆ្នាំ១៩៩៥នេះ គឺថ្លៃជាងលើសពីពីរដង បើធៀបនឹងម្ចាស់កំណត់ត្រារថយន្តតម្លៃថ្លៃជាងគេកាលពីមុន គឺរថយន្ត Ferrari 250 GTO ដែលលក់ចេញបាន ៧០លានដុល្លារ។ រថយន្ត Mercedes ទទួលបានតម្លៃខ្ពស់ក៏ដោយសារតែវាជារថយន្តកម្រ ដោយមានផលិតតែពីរគ្រឿងប៉ុណ្ណោះ។
ពេលបង្ហាញវត្តមានជាលើកដំបូង រថយន្ត Mercedes-Benz 300 SLR Uhlenhaut Coupe ធ្លាប់ជារថយន្តដែលបើកបរបានលឿនជាងគេលើពិភពលោក ដោយអាចបើកបរដល់ល្បឿន ២៩០គ.ម/ម៉។ រថយន្តនេះដែរបានឆ្លងកាត់ការជួសជុលអស់រយៈពេល៦ខែ ដែលជួសជុលដោយអ្នកបច្ចេកទេសល្បីឈ្មោះមួយរូប។
ជាមួយទឹកប្រាក់ ១៤២លានដុល្លារ Mercedes គ្រោងនឹងប្រើដើម្បីដាក់ដំណើរការមូលនិធិ Mercedes-Benz Fund ជាកម្មវិធីអាហារូបករណ៍លក្ខណៈសកល ដែលនឹងជួយគាំទ្រដល់សិស្សានុសិស្សនៅវិទ្យាល័យ និងនៅតាមសកលវិទ្យាល័យដែលរៀនពាក់ព័ន្ធនឹងបរិស្ថាន៕