កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសអំពីតម្លៃនៃរថយន្តអគ្គិសនី Denza D9 ប្រភេទ MPV ៧កៅអីនៅក្នុងប្រទេសចិន ដោយចាប់ផ្តើមពី ៤៩ ៣៩៩ ដុល្លារ ដល់ ៩៧ ៣២៥ ដុល្លារ។ ខណៈពេលបច្ចុប្បន្ន ក្នុងរយៈពេល ១ថ្ងៃ គិតត្រឹមថ្ងៃទី ១៧ ខែឧសភា រថយន្តនេះទទួលបានកក់ទុកមុន ៧ ២៨៨ គ្រឿងហើយ។
រថយន្តអគ្គិសនី Denza D9 ប្រភេទ MPV ៧កៅអីដ៏ប្រណិតនេះ មានប្រវែងសរុប ៥ ២៥០ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៩២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១១០ ម.ម។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្តដ៏ប្រណិតនេះ មានបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំ ចង្កៀងមុខ LED, ទ្វារូតចំហៀងបិទបើកអូតូរំលេចជាមួយក្រូម៉េ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាឲ្យឈ្មោះថា “Into the Meteor Arrow” និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញផងដែរ។
ចំពោះផ្នែកខាងក្នុងវិញ រថយន្តអគ្គិសនី BYD Denza D9 នេះបានប្រើប្រាស់គ្រឿងបរិក្ខាធ្វើពីឈើដ៏ប្រណិតនិងផាសុកភាព ដោយបានបំពាក់ដោយអេក្រង់កំសាន្តកណ្តាលទំហំ ១៥,៦ អ៊ីញ ប្រព័ន្ធអន្តរកម្មឆ្លាតវៃ Denza Link កុងទ័រព័ត៌មានប្រភេទ Full LCD ទំហំ ១០,២៥ អ៊ីញ និងប្រអប់លេខរចនាបែបគ្រីស្តាល់ និងគាំទ្រមុខងារការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ OTA ផងដែរ។
បន្ថែមពីនេះ កៅអីជួរខាងក្រោយ បំពាក់ដោយអេក្រង់ធំចំនួន ២ ជាមួយការបញ្ជានៅកន្លែងដាក់ដៃ។ អេក្រង់ធំផ្តល់នៅមុខងារកម្សាន្តពេញលេញ ឧបករណ៍បំពងសំឡេង Dynaudio និងបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់នៅជួរទី ២ និងទី ៣ ជាមួយនឹងដំបូលកញ្ចក់ dual sunroof និងគ្រឿងបរិកា្ខទំនើបៗផ្សេងទៀតផងដែរ។
រថយន្តអគ្គិសនីដ៏ប្រណិតនេះ បានបំពាក់ដោយជំនួយការបើកបរឆ្លាតវៃកម្រិត L2 និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃរបស់ Denza Pilot ដែលអាចឆ្លើយតបការបើកបរបានយ៉ាងល្អឥតខ្ចោះផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តនេះ មានម៉ូដែល ២សម្រាប់ជ្រើសរើស រួមមាន ម៉ូដែលដើរដោយថាមពលអគ្គិសនី និង plug-in hybrid និងភ្ជាប់មកជាមួយនឹងអាគុយ BYD blade ហើយអាចបើកបរបានចម្ងាយដល់ទៅ ៨០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕