យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានបញ្ជាក់កាលពីថ្ងៃអង្គារថា Netflix កំពុងបញ្ឈប់បុគ្គលិកប្រហែល ១៥០ នាក់នៅទូទាំងក្រុមហ៊ុនរបស់ខ្លួន ក្នុងការកាត់បន្ថយការចំណាយរបស់ខ្លួន។ តំណែងដែលបានបញ្ឈប់នេះគឺមានចំនួនតិចជាង ២ភាគរយប៉ុណ្ណោះនៃបុគ្គលិកចំនួន ១១ម៉ឺននាក់នៃបុគ្គលិក Streamer ដែលភាគច្រើនជាបុគ្គលិកនៅសហរដ្ឋអាមេរិក។
ការកាត់បន្ថយបុគ្គលិកដែលត្រូវបានគិតគូមកតិចជាងរយៈមួយខែមកហើយ បន្ទាប់ពី Netflix បានរាយការណ៍ពីការបាត់បង់អ្នកជាវឬ Subscriber របស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍ និងបានព្យាករណ៍ពីការខាតបង់នាពេលអនាគតនៅត្រីមាសក្រោយផងដែរ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះជិត ៧០ភាគរយចាប់តាំងពីខែមករាមក។
ក្នុងនោះ អំឡុងពេលប្រកាសពីប្រាក់ចំណូលរបស់ក្រុមហ៊ុនកាលពីខែមុន សហនាយកប្រតិបត្តិ Reed Hasting បាននិយាយថាក្រុមហ៊ុនកំពុងស្វែងរកនូវវិធីសាស្រ្តក្នុងការគាំទ្រការផ្សាយពាណិជ្ជកម្មក្នុងកម្រិតតម្លៃទាប ក្នុងគោលបំណងដើម្បីនាំមកនូវអ្នកជាវថ្មី បន្ទាប់ពីបានប្រឆាំងឬហាមឃាត់ការផ្សាយពាណិជ្ជកម្មជាច្រើនឆ្នាំនៅលើវេទិកានេះ។
Netflix ក៏កំពុងធ្វើការដើម្បីទប់ស្កាត់ការចែករំលែកពាក្យសម្ងាត់ (Password) ដែលរីករាលដាល ដោយកត់សម្គាល់ថា ពីលើគ្រួសារអ្នកប្រើប្រាស់ចំនួន ២២២លាននាក់របស់ខ្លួន មានគ្រួសារជាង ១០០លាននាក់បានចែករំលែកគណនីគ្នា។
គួរបញ្ជាក់ផងដែរថា ការបញ្ឈប់របស់ Netflix ខណៈធ្លាក់ចុះនៃអ្នកជាវរបស់ខ្លួន គឺជាផ្នែកមួយនៃការបង្រួមការងារកាន់តែធំ នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា។ ស្របគ្នានេះគ៏មានក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនកាលពីពេលថ្មីៗនេះបានប្រកាសពីការផ្អាក និងការបញ្ឈប់ផងដែរ រួមមានក្រុមហ៊ុន មេFacebook Meta, Amazon, Uber និង Robinhood៕