ក្នុងមួយសប្តាហ៍នេះ តម្លៃជ្រូករស់នៅកន្លែងខ្លះបានកើនឡើងរហូតដល់ ៧% បើធៀបនឹងដើមឆ្នាំ ដោយមានតម្លៃរហូតដល់ ២,៦ដុល្លារក្នុងមួយគីឡូក្រាម។ តាមការកត់ត្រានៅភាគខាងជើងនៃប្រទេសវៀតណាម តម្លៃជ្រូករស់បានកើនឡើងប្រហែល ០,២២ដុល្លារក្នុងមួយគីឡូក្រាម បើធៀបនឹងសប្តាហ៍មុនដែលមានតម្លៃត្រឹម ២,៤៣-២,៥១ដុល្លារ។
ចំណែកនៅតំបន់កណ្តាលនៃប្រទេសវៀតណាម បន្ទាប់ពីកើនឡើង ០,០៨៧ដុល្លារកាលពីសប្តាហ៍មុន តម្លៃជ្រូករស់បានកើនឡើង ០,១៧ដុល្លារ ឡើងដល់ ២,៥៦ដុល្លារក្នុងមួយគីឡូក្រាម។ ភាគខាងត្បូងគឺជាតំបន់ដែលមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃជ្រូករស់ ដោយតម្លៃជ្រូករស់ឡើងដល់ ២,៦ដុល្លារក្នុងមួយគីឡូក្រាម។ តម្លៃនេះបានកើនឡើង ៣៦-៤០% បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២១ (នៅពេលដែលតម្លៃជ្រូករស់គឺទាបបំផុតក្នុងរយៈពេល 3 ឆ្នាំ) និង ៧% បើប្រៀបធៀបទៅនឹងដើមឆ្នាំ២០២២។
នៅផ្សារលក់ដុំ តម្លៃជាមធ្យមនៃជ្រូករស់ដែលនាំចូលពី CP ឡើងដល់ ២,៥៦ដុល្លារក្នុង ១គីឡូក្រាម ខណៈគ្រួសារធ្វើកសិកម្មមានតម្លៃ ២,៤៧ -២,៦ដុល្លារក្នុងមួយគីឡូក្រាម។ នៅថ្ងៃទី១៣ ខែឧសភា ចំនួនជ្រូកដែលមកដល់ផ្សារលក់ដុំ Hoc Mon បានកើនឡើងដល់ ៤ ៣៤០ក្បាល ដែលកើនឡើងបន្តិច ។
តាមការពន្យល់ពីមូលហេតុដែលតម្លៃជ្រូករស់ឡើងថ្លៃសារជាថ្មី គឺដោយសារតែចំនួនជ្រូកដែលលក់បានធ្លាក់ចុះបើធៀបនឹងខែមុន ដោយសារទិន្នផលជ្រូកចិញ្ចឹមមានការថយចុះយ៉ាងខ្លាំង ដោយសារកសិករបន្តខាតបង់។ ហើយថ្មីៗនេះ ជំងឺប៉េស្តជ្រូកអាហ្រ្វិកដែលកំពុងតែរីករាលដាលក៏បណ្តាលឱ្យមានការថយចុះនៃការផ្គត់ផ្គង់ចេញពីគ្រួសារកសិករផងដែរ៕