ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz Group AG របស់អាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ ថា ខ្លួនបានបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ថ្មី នៅក្នុងទីក្រុងសៀងហៃ ដែលនឹងផ្តោតលើបច្ចេកវិទ្យាស្វ័យប្រវត្តិ។
ក្រុមហ៊ុន Mercedes-Benz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលខាងលើ ជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ទី២ របស់ខ្លួន នៅក្នុងប្រទេសចិន ហើយវានឹងធ្វើការក្នុងវិស័យបច្ចេកវិទ្យា ដូចជា ការតភ្ជាប់ ការបើកបរដោយស្វ័យប្រវត្តិ និង ទិន្នន័យធំ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mercedes-Benz មិនបានបញ្ជាក់លម្អិតអំពីទំហំនៃការវិនិយោគរបស់ខ្លួន នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីខាងលើនេះទេ ឬតើវិស្វករប៉ុន្មាននាក់ដែលខ្លួនគ្រោងនឹងជួលសម្រាប់ទីតាំងថ្មីនេះដែរ។
សូមបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសៀងហៃថ្មីនេះ ធ្វើឡើងបន្ទាប់ពីការផ្លាស់ប្តូរកាលពីឆ្នាំមុន ដោយក្រុមហ៊ុនផលិតរថយន្តលំដាប់ថ្នាក់ខ្ពស់របស់អាល្លឺម៉ង់ ដើម្បីធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងទីក្រុងប៉េកាំង ដោយការបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មី នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន។
ជាមួយនឹងវិស្វករចំនួន ១ ០០០ នាក់ កន្លែងបច្ចេកវិទ្យាថ្មីរបស់ Mercedes-Benz នៅទីក្រុងប៉េកាំង គឺមានទំហំធំជាង ៣ដង នៃមជ្ឍមណ្ឌលដែល Mercedes-Benz ដែលបានបើកនៅក្នុងឆ្នាំ ២០១៤ និងជាលើកដំបូងនៅខាងក្រៅប្រទេសអាល្លឺម៉ង់ ដែលមានលក្ខណៈបច្ចេកទេស “ស្មើគ្នា” ជាមួយនឹងទីស្នាក់ការកណ្តាលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏ធំជាងរបស់ក្រុមហ៊ុន នៅជិតទីក្រុង Stuttgart៕