នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc លោក Elon Musk បាននិយាយកាលពីថ្ងៃអាទិត្យ សប្តាហ៍មុនថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla និង ក្រុមហ៊ុនរ៉ុក្កែត SpaceX របស់លោក កំពុងប្រឈមមុខនឹងសម្ពាធអតិផរណាដ៏សំធំ នៅក្នុងផ្នែកវត្ថុធាតុដើម និង ការដឹកជញ្ជូន។
លោក Elon Musk បានបង្ហោះសារមួយនៅក្នុងលើបណ្តាញសង្គម Tweeter ដោយនិយាយថា ក្រុមហ៊ុនរបស់លោក “មិនមែនតែម្នាក់ឯងទេ” ដែលជួបបញ្ហានេះ ដោយសារតែជម្លោះអ៊ុយក្រែន-រុស្ស៊ី ដែលបានបង្កឲ្យតម្លៃទំនិញឡើងដល់កម្រិតខ្ពស់បំផុតមួយ បើគិតចាប់តាំងពីឆ្នាំ ២០០៨ មក។
គួរឲ្យដឹងថា ការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បាននិងកំពុងបង្កើនតម្លៃលោហធាតុដែលប្រើក្នុងរថយន្ត រាប់ចាប់ពីអាលុយមីញ៉ូមនៅក្នុងតួរថយន្ត រហូតដល់ palladium នៅក្នុងឧបករណ៍បំប្លែងកាតាលីករ ទៅជានីកែលថ្នាក់ខ្ពស់ (high-grade nickel) នៅក្នុងអាគុយរថយន្តអគ្គិសនី។
ខណៈពេលដែលលោហធាតុមិនទាន់ក្លាយជាគោលដៅនៃទណ្ឌកម្មរបស់លោកខាងលិចនៅឡើយ អ្នកដឹកជញ្ជូន និងអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តមួយចំនួន កំពុងគ្រប់គ្រងទំនិញរបស់រុស្ស៊ី ដោយដាក់សម្ពាធកាន់តែខ្លាំងលើក្រុមហ៊ុនផលិតរថយន្ត ដែលកំពុងប្រឈមមុខនឹងការខ្វះខាតបន្ទះឈីបអេឡិចត្រូនិច និងតម្លៃថាមពលខ្ពស់។
យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលបានបិទ ៥ ភាគរយទាបជាងមុន គឺនៅសល់ត្រឹម ៧៩៥,៣៥ដុល្លារ/ហ៊ុន កាលពីថ្ងៃសុក្រ បានបាត់បង់ប្រហែល ២៥ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
គួររំលឹកឲ្យដឹងដែរថា មូលហេតុនេះហើយទើបបានជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ កាលពីសប្តាហ៍មុនបានដំឡើងតម្លៃរថយន្ត Model Y និងរថយន្ត Model 3 Long Range ចំនួន ១ ០០០ ដុល្លារក្នុងមួយគ្រឿង នៅសហរដ្ឋអាមេរិក និងរថយន្ត Model 3 និង Model Y ដែលផលិតនៅប្រទេសចិន ចំនួន ១ ៥៨០ដុល្លារ ផងដែរ៕