កោះរមណីយដ្ឋានបាលី របស់ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃចន្ទនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសដំបូងរបស់ខ្លួន ក្រោមច្បាប់បន្ធូរបន្ថយលើជំងឺរាតត្បាតកូវីដ១៩ ដែលមិនតម្រូវឲ្យមានការធ្វើចក្តាឡីស័កពេលមកដល់ឡើយ ដែលជាផ្នែកមួយនៃការបន្ធូរបន្ថយការទប់ស្កាត់កាន់តែទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីការឆ្លងបានធ្លាក់ចុះ។
កោះបាលី ដែលល្បីល្បាញដោយសារ កីឡាជិះក្តារលើទឹក surfing, ប្រាសាទ, ទឹកជ្រោះ និងការកម្សាន្តពេលរាត្រី នេះ បានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៦,២ លាននាក់ក្នុងឆ្នាំ ២០១៩ ដែលជាឆ្នាំមុនពេលផ្ទុះមានជំងឺកូវីដ១៩។
ទោះបីជាយ៉ាងណាក៏ដោយ មានតែអ្នកភ្ញៀវទេសចរតិចតួចប៉ុណ្ណោះ ដែលបានត្រឡប់មកវិញ ចាប់តាំងពីកោះបាលីបានបើកទទួលភ្ញៀវទេសចរបរទេស កាលពីខែតុលាឆ្នាំមុន ដោយមានការខកចិត្តចំពោះតម្រូវការក្នុងការឲ្យធ្វើចក្តាឡីស័ក និងច្បាប់ផ្សេងៗទៀត។
គួរឲ្យដឹងថា ស្ថិតនៅក្រោមកម្មវិធីសាកល្បង អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ ឥឡូវនេះអាចរំលងការធ្វើចក្តាឡីស័ក រយៈពេល ៣ថ្ងៃបាន ទោះបីជាពួកគេត្រូវស្នាក់នៅលើកោះរយៈពេល ៤ថ្ងៃក៏ដោយ៕