ក្រុមហ៊ុនផលិតរថយន្ត Porches បានធ្វើការបរិច្ចាគទឹកប្រាក់ទៅកាន់មូលនិធីសម្រាប់ការសង្គ្រោះប្រទេសអ៊ុយក្រែនក្នុងទឹកប្រាក់ប្រមាណ ១,១ លានដុល្លារសហរដ្ឋមេអារិក បន្ទាប់ពីការលុកលុយពីសំណាក់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន កាន់តែអូសបន្លាយអស់ជាង ១សប្តាហ៍មកនេះ។
សម្រាប់មូលនិធិនេះចែកចេញជាពីរស្ថាប័នរួមមាន៖ អង្គការ UN Refugee Aid ដែលមានទំហំទឹកប្រាក់ចំនួន ៨២ លានដុល្លារ ដែលជាសមាគមអាលឺ្លម៉ងសហការគ្នាជាមួយនឹង UN Refugee Agency របស់អង្គការសហប្រជាជាតិ និងទឹកប្រាក់ចំនួន ២៧ ម៉ឺនដុល្លារដែលនៅសល់នឹងទៅមូលនិធិ Ferry Porsche ដោយផ្តោតសំខាន់ទៅលើកុមារ និងមនុស្សវ័យជំទង់ជាដើម។
លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន Porsche បាននិយាយថា យើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែននេះ។ ហើយមនុស្សជាច្រើនកំពុងត្រូវការជំនួយជាបន្ទាន់ដោយពួកគេនោះគ្មានកំហុសអ្វីទាន់តែសោះ។ ដូច្នេះហើយយើងកំពុងធ្វើការរួមចំណែក និងគាំទ្រដល់អង្គការដែលជួយប្រជាជននៅលើដីអ៊ុយក្រែន បន្ទាប់ពីការលុកលុយពីសំណាក់ប្រទេសរុស្ស៊ី អូសបន្លាយ អស់រយៈពេល ៩ កន្លងមកនេះ។
គួររំលឹកផងដែរថាមានក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Mercedes-Ben, Stellantis និង Ford និងផ្សេងៗទៀតក៏បានបរិច្ចាគមូលនិធិសម្រាប់ការសង្គ្រោះអ៊ុយក្រែន និងផ្អាកការនាំចូល ឬផលិតរថយន្ត នៅក្នុងប្រទេសរុស្ស៊ីដោយសារតែបញ្ហានេះ។
សូមបញ្ជាក់ថាសង្រ្គាមនេះក៏កំពុងបង្កបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមសម្រាប់ក្រុមហ៊ុនដែលកំពុងដោះស្រាយការខ្វះខាតបន្ទះឈីបរួចហើយ។ ហើយការផ្គត់ផ្គង់ក្នុងតំបន់បានប៉ះពាល់ដល់ក្រុម BMW, Audi, Porsche និង Volkswagen ។ យោងតាម Reuters ក្រុមហ៊ុនរថយន្តចំនួន ២២ មានការវិនិយោគនៅក្នុងរោងចក្រចំនួន ៣៨ ក្នុងប្រទេសអ៊ុយក្រែន ដោយផ្តល់ការងារដល់ប្រជាជនអ៊ុយក្រែនជាង ៦ ម៉ឺននាក់៕