ក្រុមហ៊ុនរចនាម៉ូដធំៗរបស់បារាំង បានចូលរួមជាមួយក្រុមហ៊ុនផ្សេងទៀតក្នុងការប្រកាសថា ពួកគេនឹងផ្អាកការលក់នៅក្នុងប្រទេសរុស្ស៊ី ចំពេលមានសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន LVMH, Hermes, Kering និង Chanel បានសម្រេចចិត្តបិទហាងរបស់ពួកគេជាបណ្តោះអាសន្ន នៅក្នុងប្រទេសរុស្ស៊ី។
ជាមួយគ្នានេះដែរ មនុស្សជាច្រើនបានរកឃើញថា ការធ្វើអាជីវកម្ម និងការបំពេញការបញ្ជាទិញនៅក្នុងតំបន់កាន់តែពិបាក បន្ទាប់ពីវិធានការដាក់ទណ្ឌកម្ម ដែលណែនាំដោយចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
គួរឲ្យដឹងថា អ្នកផលិតកាបូប Birkin មានតម្លៃថ្លៃ Hermes និងម្ចាស់ក្រុមហ៊ុន Swiss Cartier ឈ្មោះ Richemont គឺជាក្រុមហ៊ុនដំបូងគេដែលប្រកាសថា ពួកគេនឹងផ្អាកអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី។
LVMH ដែលជាម្ចាស់ម៉ាកយីហោ ដូចជា Christian Dior, Givenchy និង Bulgari ក្នុងចំណោមហាងផ្សេងទៀត នឹងបិទហាងចំនួន ១២៤កន្លែងរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ចាប់ពីថ្ងៃអាទិត្យ។
មិនតែប៉ុណ្ណោះ Chanel ដែលជាម៉ាកយីហោល្បីល្បាញបំផុតមួយ បាននិយាយនៅក្នុងការបង្ហោះសារលើបណ្តាញសង្គម LinkedIn ថា “ដោយសារមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់យើងអំពីស្ថានភាពបច្ចុប្បន្ន ភាពមិនច្បាស់លាស់ដែលកំពុងកើនឡើង និងភាពស្មុគស្មាញក្នុងប្រតិបត្តិការនោះ Chanel បានសម្រេចចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន នៅក្នុងប្រទេសរុស្ស៊ី”៕