យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កប៉ាល់ដឹកទំនិញដែលផ្ទុករថយន្តទំនើបរាប់ពាន់គ្រឿង បានលិចនៅក្បែរតំបន់ប្រជុំកោះ Azores របស់ប្រទេសព័រទុយហ្គាល់ រយៈពេលជិតពីរសប្តាហ៍បន្ទាប់ពីវាបានឆេះ។
កប៉ាល់ដែលបានលិចនោះមានឈ្មោះថា Felicity Ace បានដឹកជញ្ជូនរថយន្តប្រហែល ៤ ០០០គ្រឿង ដោយមានដូចជា ម៉ាក Porsche និង Bentley ជាដើម។
គួរឲ្យដឹងថា កប៉ាល់នោះកំពុងធ្វើដំណើរទៅកាន់កោះ Rhode ក្នុងសហរដ្ឋអាមេរិក ពីកំពង់ផែ Emden របស់អាល្លឺម៉ង់ នៅពេលដែលភ្លើងបានឆាបឆេះ។ សមាជិកនាវិកទាំងអស់ត្រូវបានជម្លៀសចេញ នៅពេលដែលអគ្គីភ័យបានឆាបឆេះកាលពីថ្ងៃទី ១៦ ខែកុម្ភៈ។
លោក Joao Mendes Cabecas ដែលជាប្រធានក្រុមកំពង់ផែស្ថិតនៅជិតបំផុត នៅលើកោះ Faial បានប្រាប់សារព័ត៌មាន Reuters ថា រហូតមកដល់ពេលនេះ មិនមានការលេចធ្លាយប្រេងណាមួយត្រូវបានរាយការណ៍ទេ ប៉ុន្តែបានបន្ថែមថា គេភ័យខ្លាចថាធុងប្រេងអាចនឹងត្រូវខូចខាត ខណៈដែលកប៉ាល់ស្ថិតនៅបាតសមុទ្រអាត្លង់ទិក ជម្រៅប្រហែល ៣ ៥០០ ម៉ែត្រ។
យ៉ាងណាមិញ ក្រុមហ៊ុន Volkswagen បាននិយាយថា ការខូចខាតចំពោះយានយន្តត្រូវបានគ្របដណ្តប់ដោយការធានារ៉ាប់រង ដែលអាចមានតម្លៃប្រហែល ១៥៥លានដុល្លារ។ នេះបើយោងតាម Reuters ។ ដោយឡែក Bentley បានបញ្ជាក់ថា រថយន្តចំនួន ១៨៩ គ្រឿងរបស់ខ្លួនស្ថិតនៅលើកប៉ាល់ ហើយ Porsche បាននិយាយថា រថយន្តរបស់ខ្លួនមានប្រហែល ១ ១០០ គ្រឿងនៅលើនាវា៕