អតិផរណារបស់ប្រទេសស្រីលង្កា បានឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់ខែទី ៤ ជាប់ៗគ្នា។ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ខណៈដែលវិបត្តិសេដ្ឋកិច្ចដែលជំរុញដោយកង្វះរូបិយប័ណ្ណបរទេសរបស់វាកាន់តែអាក្រក់ទៅៗ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាតិ National Consumer Price Index (NCPI) បានកើនឡើង ១៦,៨ ភាគរយនៅក្នុងខែមករាធៀបនឹងឆ្នាំមុន ដែលជាការកើនឡើងកំណត់ត្រាទី៤ ជាប់ៗគ្នា និងច្រើនជាងទ្វេដងនៃតួលេខកាលពីខែតុលា ៨,៣ ភាគរយ។
កំណត់ត្រាខ្ពស់បំផុតនេះបានកើតឡើងនៅពេលដែលស្រីលង្កា ព្យាយាមស្វែងរកប្រាក់ដុល្លារដើម្បីធ្វើហិរញ្ញប្បទាន ដល់ការនាំចូលសំខាន់ៗ រួមទាំងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។
ក្រសួងថាមពលស្រីលង្កាបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងជួបការលំបាកក្នុងការទិញឥន្ធនៈតាមឥណទាន (fuel on credit) ហើយបានរាយការណ៍ពីការខ្វះខាតនៅស្ថានីយ៍បូមប្រេងជាច្រើន ដែលនាំឲ្យមានការតម្រង់ជួរ និងបង្ខំឲ្យបិទកន្លែងមួយចំនួន។
ក្រសួងថាមពលស្រីលង្កាបានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុនប្រេងដែលគ្រប់គ្រងដោយរដ្ឋដ៏សំខាន់ គឺសាជីវកម្មប្រេង Ceylon Petroleum បានជំពាក់បំណុលគេចំនួន ៣,៥ ពាន់លានដុល្លារអាមេរិក ហើយមិនអាចបង្កើនប្រាក់កម្ចីពាណិជ្ជកម្មថ្មីបានទៀតនោះទេ៕