យោងតាមឯកសាររដ្ឋាភិបាល ដែលចេញដោយទីក្រុងប៉េកាំង បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla គ្រោងនឹងដាក់មជ្ឈមណ្ឌលរចនា (Design Centre) សម្រាប់ប្រទេសចិនរបស់ខ្លួន នៅក្នុងទីក្រុងប៉េកាំង តែម្តង។
Tesla បាននិយាយកាលពីឆ្នាំ ២០២០ ថា ខ្លួនគ្រោងនឹងបើកមជ្ឈមណ្ឌលរចនាបែបនេះនៅក្នុងប្រទេសចិន ដើម្បីបង្កើតរថយន្ត “តាមបែបចិន” ប៉ុន្តែមិនទាន់បានប្រាប់ថា វានឹងនៅទីណានោះទេ។
កាលពីឆ្នាំមុន សារព័ត៌មាន Reuters បានរាយការណ៍ថា Design Centre របស់ Tesla អាចនឹងមានទីតាំងនៅក្នុងទីក្រុងសៀងហៃដែលជាកន្លែងរោងចក្ររបស់ខ្លួនស្ថិតនៅ ឬទីក្រុងប៉េកាំង។
យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីចុងខែមករាបានធ្វើការបង្ហាញនៅក្នុងរបាយការណ៍ការងារ ដែលវាបានចុះបញ្ជីគម្រោងសំខាន់ៗសម្រាប់ទីក្រុងនៅឆ្នាំ ២០២២។ វាបានរាយបញ្ជីបែបសង្ខេប នូវរោងចក្ររថយន្តអគ្គិសនីមួយចំនួន ដែលខ្លួនបាននិយាយថា នឹងជំរុញការសាងសង់នៅឆ្នាំនេះ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕