យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Amazon កំពុងដំឡើងថ្លៃសេវា Prime របស់ខ្លួនសម្រាប់អតិថិជននៅសហរដ្ឋអាមេរិក បន្ទាប់ពីរាយការណ៍ពីការលក់ និងប្រាក់ចំណេញកើនឡើង។
ក្រុមហ៊ុនទីផ្សារអេឡិចត្រូនិកយក្សខាងលើបាននិយាយថា ខ្លួនកំពុងឡើងថ្លៃ ១៧% ទៅ ១៣៩ ដុល្លារសម្រាប់សមាជិកភាពប្រចាំឆ្នាំរបស់ Amazon Prime។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Amazon បានបញ្ជាក់ថា ខ្លួនមិនទាន់មានការប្រកាសអំពីប្រទេសផ្សេងនោះទេ នៅពេលនេះ។
គួរឲ្យដឹងដែរថា វាគឺជាការដំឡើងថ្លៃលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៨ សម្រាប់ Prime ដែលផ្តល់ឲ្យអតិថិជននូវសិទ្ធិទទួលបានអត្ថប្រយោជន៍ ដូចជា ការដឹកជញ្ជូនលឿនជាងមុន។ ក្នុងនោះមានមនុស្សជាង ២០០ លាននាក់នៅទូទាំងពិភពលោក បានចំណាយសម្រាប់សេវាកម្មនេះ ដែលភាគច្រើននៅក្នុងសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជិត ១៥% ក្នុងការជួញដូរ after hours trade ដោយសារតែដំណឹងនេះ។ ការលក់សម្រាប់រយៈពេល ៣ខែចុងក្រោយនៃឆ្នាំ ២០២១ របស់ Amazon បានកើនឡើង ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ១៣៧,៤ ពាន់លានដុល្លារឯណោះ៕