គេហទំព័រអាសអាភាសនៅក្នុងចក្រភពអង់គ្លេស នឹងត្រូវធ្វើការទាមទារយ៉ាងស្របច្បាប់ ដើម្បីឲ្យផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់មុនពេលចូលមើល ក្រោមច្បាប់សុវត្ថិភាពអ៊ីនធឺណិតថ្មី។
គួរឲ្យដឹងដែរថា ច្បាប់ដែលជាផ្នែកមួយនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពលើអ៊ីនធឺណិត (Online Safety Bill) ខាងលើនេះ មានគោលបំណងផ្តល់ឲ្យកុមារនូវការការពារកាន់តែប្រសើរឡើង។
វិធានការនេះ គឺដើម្បីធានាថាអ្នកប្រើប្រាស់មានអាយុ ១៨ ឆ្នាំ ឬលើសពីនេះ អាចត្រូវបានស្នើសុំឲ្យបង្ហាញថា ពួកគេជាម្ចាស់ប័ណ្ណឥណទាន ឬបញ្ជាក់អាយុរបស់ពួកគេតាមរយៈសេវាកម្មភាគីទីបី។
គេហទំព័រដែលមិនធ្វើសកម្មភាពទាមទារបែបនេះ អាចត្រូវបានផាកពិន័យរហូតដល់ ១០% នៃចំណូលជាសកលរបស់ពួកគេ។
សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពអនឡាញ ត្រូវបានគេរំពឹងថា នឹងដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយត្រូវបានរចនាឡើងដើម្បីការពារអ្នកប្រើប្រាស់ពីខ្លឹមសារដែលបង្កគ្រោះថ្នាក់នានា។
យ៉ាងណាមិញ ក្រុមសុវត្ថិភាពរបស់កុមារបានអំពាវនាវជាយូរមកហើយ សម្រាប់ការផ្ទៀងផ្ទាត់អាយុនៅលើគេហទំព័រអាសអាភាស ដោយសារការភ័យខ្លាចថា វាងាយស្រួលពេកសម្រាប់អនីតិជនក្នុងការប្រើប្រាស់គេហទំព័រទាំងនោះ ដែលមានជាសាធារណៈតាមអ៊ីនធឺណិត៕