យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Jaguar Land Rover (JLR) បានខាតបង់លុយអស់ ៩ លានផោន (១២ លានដុល្លារ) ក្នុងរយៈពេលត្រឹម ៣ខែចុងក្រោយនៃឆ្នាំ ២០២១ ចំពេលមានការខ្វះខាតបន្ទះឈីបទូទាំងពិភពលោក។
ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេសខាងលើ បានមើលឃើញការលក់រាយរបស់ខ្លួនធ្លាក់ចុះ ៣៧,៦% បើធៀបនឹងឆ្នាំមុន ដោយសារវាបានលក់រថយន្តត្រឹមតែចំនួន ៨០ ១២៦ គ្រឿងប៉ុណ្ណោះ ក្នុងត្រីមាសដល់ចុងខែធ្នូ។
ទោះបីជាមានការធ្លាក់ចុះនៃផលិតកម្មក៏ដោយ ក្រុមហ៊ុនខាងលើបានឃើញប្រាក់ចំណូលសរុបចំនួន ៤,៧ពាន់លានផោន (៦,២ពាន់លានដុល្លារ) កើនឡើង ២២% នៅត្រីមាសមុន។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតនៅជុំវិញពិភពលោក បានរងនូវផលប៉ះពាល់យ៉ាងខ្លាំង ខណៈដែលពួកគេតស៊ូដើម្បីធានាការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក។
យ៉ាងណាមិញ លោក Thierry Bolloré នាយកប្រតិបត្តិរបស់ក្រុមហ៊ុន JLR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខណៈពេលដែលការផ្គត់ផ្គង់បន្ទះឈីបអេឡិចត្រូនិច បានបន្តរារាំងការលក់ក្នុងត្រីមាសនេះ យើងបន្តមើលឃើញតម្រូវការយ៉ាងខ្លាំងសម្រាប់ផលិតផលរបស់យើង ដែលបញ្ជាក់ពីការចង់បាននៃយានយន្តរបស់យើង”៕