ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook បានមើលឃើញចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ ធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ១៨ ឆ្នាំរបស់ខ្លួន។
ក្រុមហ៊ុនមេរបស់ Facebook គឺ Meta Networks និយាយថា ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ បានធ្លាក់ចុះដល់ ១,៩២៩ពាន់លាននាក់ ក្នុងរយៈពេល ៣ខែ ដល់ចុងខែធ្នូ បើធៀបនឹង ១,៩៣០ពាន់លាននាក់ ក្នុងត្រីមាសមុន។
ក្រុមហ៊ុនក៏បានព្រមានផងដែរអំពីការថយចុះនៃកំណើនប្រាក់ចំណូល នៅពេលប្រឈមមុខនឹងការប្រកួតប្រជែងពីគូប្រជែងដូចជា TikTok និង YouTube ខណៈពេលដែលអ្នកផ្សាយពាណិជ្ជកម្មក៏កំពុងកាត់បន្ថយការចំណាយទៀតផង។
គួរឲ្យដឹងដែរថា ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះជាង ២០% នៅក្នុងការជួញដូរ after-hours trading នៅទីក្រុងញូវយ៉ក។
ក្នុងនោះផងដែរ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានបាត់បង់ប្រហែល ២០០ពាន់លានដុល្លារ ចេញពីតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន។ មិនតែប៉ុណ្ណោះ តម្លៃភាគហ៊ុននៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត រួមទាំង Twitter, Snap និង Pinterest ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕