ក្រុមហ៊ុន Sony Interactive Entertainment នឹងទិញយកក្រុមហ៊ុនផលិតវីដេអូហ្គេម Bungie ដែលជាអ្នកបង្កើតវីដេអូហ្គេម Halo និង Destiny ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣,៦ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យវាក្លាយជាការប្រមូលផ្តុំចុងក្រោយបំផុតនៅក្នុងវិស័យហ្គេម។
ក្រុមហ៊ុនអាមេរិកខាងលើបាននិយាយនៅក្នុងប្លុកមួយថា Bungie នឹងចូលរួមជាមួយគ្រួសារ PlayStation របស់ Sony ខណៈដែលក្រុមហ៊ុនជប៉ុននេះ ពង្រឹងបណ្តាញស្ទូឌីយោហ្គេមក្នុងផ្ទះរបស់ខ្លួន នៅពីក្រោយហ្គេមកំពុងពេញនិយម ដូចជា Spider-Man ជាដើម។
ដោយឡែក ក្រុមហ៊ុន Microsoft Corp ដែលមានម៉ាស៊ីន XBox ជាគូប្រជែងរបស់ PlayStation ជាយូរមកហើយនោះ បានចាយលុយចំនួន ៦៩ ពាន់លានដុល្លារអាមេរិក ដើម្បីទិញយកក្រុមហ៊ុនផលិតហ្គេម Call of Duty មានឈ្មោះថា Activision Blizzard កាលពីដើមខែមករាកន្លងទៅនេះ។
គួរឲ្យដឹងដែរថា ឥឡូវនេះ Bungie គ្រោងនឹងជួលអ្នកដែលមានទេពកោសល្យបន្ថែមទៀត នៅទូទាំងស្ទូឌីយោ សម្រាប់ការផលិតហ្គេម Destiny 2 ដែលជាវីដេអូហ្គេមធ្លាប់បានចេញដោយ Activision Blizzard ពីមុនមក៕