ក្រុមហ៊ុនតាក់ស៊ី Vinasun របស់ប្រទេសវៀតណាម បានបញ្ឈប់បុគ្គលិកជាង ២ ៥០០ នាក់ រួមទាំងអ្នកបើកបរ ១ ៨០០ នាក់ផ្សេងទៀត កាលពីឆ្នាំមុន ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលបណ្តាលឲ្យអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំង។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានចេញផ្សាយថ្មីរបស់ខ្លួន Vinasun មានបុគ្គលិក ១ ៨៧៧ នៅចុងឆ្នាំ ២០២១ ធ្លាក់ចុះជាង ២ ៥០០ នាក់ ធៀបនឹងដើមឆ្នាំ។ ក្នុងនោះវាបានបញ្ឈប់បុគ្គលិកប្រហែល ១ ៩០០ នាក់ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២១។
ការស្ទុះងើបឡើងវិញនៃទីផ្សារដឹកជញ្ជូន បន្ទាប់ពីគម្លាតសង្គមដែលអូសបន្លាយដល់ពេលនេះ គឺមិនលឿនដូចការរំពឹងទុក ដែលបណ្តាលឲ្យមានបន្ទុកការងារទាប និងរថយន្តមួយចំនួនធំទុកចោលនៅចំណតរថយន្ត។ លោក Ta Long Hy អគ្គនាយករងក្រុមហ៊ុន Vinasun បានប្រាប់សារព័ត៌មាន VnExpress កាលពីថ្ងៃសៅរ៍ ដោយពន្យល់ពីការកាត់បន្ថយនេះថា៖
«មនុស្សមួយចំនួនចង់ផ្លាស់ប្តូរការងារ, ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ ឬជាប់គាំងនៅក្នុងតំបន់ដែលរងគ្រោះដោយជំងឺរាតត្បាត ដែលជាកត្តារួមចំណែកមួយផ្សេងទៀត ដល់ការកើនឡើងយ៉ាងខ្លាំងនៃបុគ្គលិកដែលចាកចេញពីការងារ»។
សូមបញ្ជាក់ថា ឆ្នាំ ២០២១ គឺជាឆ្នាំទី៣ ជាប់ៗគ្នាហើយដែល Vinasun បានកាត់បន្ថយបុគ្គលិករបស់ខ្លួនយ៉ាងខ្លាំង។ វាបានបញ្ឈប់មនុស្សប្រហែល ១ ០០០ នាក់ និង ១ ៤០០ នាក់ក្នុងឆ្នាំ ២០១៩ និង ២០២០។
Vinasun បានកត់ត្រាប្រាក់ចំណូលចំនួន ៤៨៤ ពាន់លានដុង (២១ លានដុល្លារ) កាលពីឆ្នាំមុន ធ្លាក់ចុះជាង ៥០ ភាគរយ ធៀបនឹងឆ្នាំ ២០២០ ហើយបានខាតបង់ក្រោយការបង់ពន្ធចំនួន ២៨០ ពាន់លានដុង ដែលជិត ៤ដងនៃការប៉ាន់ស្មានដើមរបស់ខ្លួន៕